(ម៉ូស្គូ)៖ ឯកអគ្គរដ្ឋទូតចិនប្រចាំចក្រភពអង់គ្លេស លោក លីវ ហ្សាវមីង (Liu Xiaoming) បានលើកឡើងថា ប្រទេសធំៗមួយចំនួននៅក្រៅតំបន់កំពុងតែបង្ករឿងតែខ្លាំងតាមរយៈការបញ្ជូននាវា និងយន្តហោះចម្បាំងទៅកាន់សមុទ្រចិនខាងត្បូង ដោយប្រទេសធំមានអំណាចនោះ គឺគ្មាននរណាក្រៅតែពីសហរដ្ឋអាមេរិកឡើយ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានរុស្ស៊ី Sputnik នៅរសៀលថ្ងៃសុក្រ ទី២១ ខែកញ្ញា ឆ្នាំ២០១៨។
ថ្លែងក្នុងវេទិកា ស្តាប់មតិយោបល់នៃអគ្គរដ្ឋទូតនានានៅអង់គ្លេស (Commonwealth Diplomats Induction Program) លោក Liu បានគូសបញ្ជាក់ថា ប្រទេសពាក់ព័ន្ធក្នុងតំបន់បានខិតខំប្រឹងប្រែងជាខ្លាំង ដើម្បីរិះរកដំណោះស្រាយចំពោះភាពតានតឹង នៅតំបន់សមុទ្រចិនខាងត្បូងដោយខ្លួនឯង ប៉ុន្តែទន្ទឹមនឹងនេះប្រទេសធំៗមួយចំនួន ដែលនៅក្រៅតំបន់ឯណោះសោះ ហាក់ដូចជាមិនពេញចិត្តចំពោះសុខសន្តិភាព នៅសមុទ្រចិនខាងត្បូងឡើយ ដោយពួកគេបានបញ្ជូននាវាក៏ដូចជានាវាចម្បាំងពីចម្ងាយ មកកាន់តំបន់នេះដើម្បីបង្កបញ្ហា។
ក្នុងឱកាសនៃកម្មវិធីខាងលើ លោកឯកអគ្គរដ្ឋទូតចិនបានរំលេចឡើងនូវកិច្ចខិតខំប្រឹងប្រែងរវាងចិន និងប្រជាជាតិអាស៊ីអាគ្នេយ៍ ដើម្បីដោះស្រាយបញ្ហាវិវាទក្នុងតំបន់។ ប្រទេសទាំងអស់ចំនួន ០៦ ក្នុងនោះមានសមាជិកអាស៊ានចំនួន ០៣ រួមមានចិន តៃវ៉ាន់ វៀតណាម ហ្វីលីពីន ព្រុយណេ និងម៉ាឡេស៊ី បានប្រកាសទាមទារចំណែករៀងៗខ្លួន នៅតំបន់សមុទ្រចិនខាងត្បូង ដោយចិនមានការទាមទារធំជាងគេ។
គួរជម្រាបថា ចាប់តាំងពីឆ្នាំ២០១៥មក សហរដ្ឋអាមេរិកបានចាប់ផ្តើមយុទ្ធនាការ Freedom of Navigation (សេរីភាពនៃនាវាចរណ៍) តាមរយៈការចល័តនាវា ឆ្លងកាត់តំបន់សមុទ្រចិនខាងត្បូង ហើយសកម្មភាពនេះត្រូវបានធ្វើឡើងកាន់តែញឹកញាប់ឡើង នៅក្រោមរដ្ឋបាលដឹកនាំរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ។ ម៉្យាងវិញទៀត ទីក្រុងវ៉ាស៊ីនតោន ក៏បានព្យាយាមបញ្ចុះបញ្ចូលប្រទេសដទៃទៀត ឲ្យចូលរួមសកម្មភាពនេះ ហើយចេញមុខជំទាស់នឹងការទាមទារទឹកដីរបស់ចិន នៅសមុទ្រចិនខាងត្បូងផងដែរ៕