(ហាណូយ)៖ ប្រទេសវៀតណាមពេលនេះកំពុងតែរៀបចំ ដើម្បីប្រារព្ធពិធីបុណ្យសពជូនថ្នាក់ដឹកនាំកំពូលរបស់ខ្លួន គឺប្រធានាធិបតីលោក ត្រាន ដៃក្វាង (Tran Dai Quang) ដែលទើបទទួលមរណភាព កាលពីព្រឹកថ្ងៃសុក្រនេះ ប៉ុន្តែបើតាមការរំលឹកប្រវត្តិបន្តិចនោះ នៅរយៈពេលពីរថ្ងៃមុនលោក Tran ទទួលមរណភាព លោកនៅតែបានបំពេញភារកិច្ចដដែល ក្នុងនាមជាប្រធានាធិបតី ប៉ុន្តែនៅក្នុងអការៈទ្រុឌទ្រោម។ នេះបើតាមការចេញផ្សាយដោយ Channel News Asia នារសៀលថ្ងៃសុក្រ ទី២១ ខែកញ្ញា ឆ្នាំ២០១៨។
ខណៈដែលប្រភេទនៃជំងឺធ្ងន់ធ្ងរ ដែលបានធ្វើឲ្យប្រធានាធិបតីវៀតណាមរូបនេះទទួលមរណភាព មិនទាន់ត្រូវបានរដ្ឋាភិបាលវៀតណាម បញ្ជាក់ជាផ្លូវការនោះ គេបានរំលឹកទៅដល់ថ្ងៃពុធ ទី១៩ ខែកញ្ញាពីរថ្ងៃមុននេះ ដែលលោក Tran បានទទួលគណប្រតិភូជាន់ខ្ពស់ផ្នែកនយោបាយ មកពីប្រទេសចិន។
បន្ថែមពីនេះទៀត បើគេរំលឹកទៅដល់អ្វីគួរឲ្យកត់សម្គាល់នោះ គឺកាលពីសប្តាហ៍មុន នៅពេលដែលប្រធានាធិបតីឥណ្ឌូណេស៊ី លោក ចូកូ វីដូដូ (Joko Widodo) មកបំពេញទស្សនកិច្ចនៅទីក្រុងហាណូយ លោក Tran បានរៀបចំពិធីទទួលស្វាគមន៍លោក ចូកូវី ជាធម្មតា ប៉ុន្តែនៅពេលប្រធានាធិបតីរូបនេះធ្វើដំណើរ គេសង្កេតឃើញថា លោកមិនមានលំនឹងផ្នែករាងកាយនោះឡើយ ដោយលោកបានបង្ហាញអការៈទន់ជើង និងធីងធោង។
ដូច្នេះបើតាមការបញ្ជាក់ព័ត៌មាននានាខាងលើនេះ គេអាចសន្និដ្ឋានបានថា លោក Tran បានធ្លាក់ខ្លួនឈឺធ្ងន់ភ្លាមៗ ហើយទទួលការព្យាបាលបន្ទាន់តែប៉ុន្មានថ្ងៃប៉ុណ្ណោះ ទើបលោកទទួលមរណភាពនៅម៉ោង ១០៖០៥នាទីព្រឹកថ្ងៃសុក្រនេះក្នុងជន្មាយុ ៦១ឆ្នាំ នៅឯមន្ទីរពេទ្យយោធា ១០៨ នៃទីក្រុងហាណូយ បន្ទាប់ពីក្រុមគ្រូពេទ្យជាតិ អន្តរជាតិ និងសាស្ត្រាចារ្យពេទ្យជាច្រើនរូប បានព្យាយាមយ៉ាងអស់ពីសមត្ថភាព។
គួររំលឹកបន្ថែមទៀតថា លោក Tran Dai Quang បានឡើងកាន់តំណែងជាប្រធានាធិបតីវៀតណាម កាលពីខែមេសា ឆ្នាំ២០១៦ បន្ទាប់ពីលោកកាន់តំណែងនៅក្នុងក្រសួងសន្តិសុខសាធារណវៀតណាម អស់រាប់ទសវត្សរ៍។
រយៈពេលជាងពីរឆ្នាំមកនេះ លោក Tran បានដើរតួនាទីយ៉ាងសំខាន់បំផុត ក្នុងនាមជាថ្នាក់ជាន់ខ្ពស់មួយរូបក្នុងចំណោមបីរូប នៃប្រទេសវៀតណាម ដើម្បីទទួលស្វាគមន៍ដំណើរទស្សនកិច្ច របស់ថ្នាក់ដឹកនាំកំពូលៗអន្តរជាតិ មកកាន់ប្រទេសវៀតណាម និងបានធ្វើដំណើរទៅបំពេញទស្សនកិច្ច នៅតាមបណ្តាប្រទេសជាមិត្តរបស់វៀតណាមជាច្រើន ដែលជាការលើកស្ទួយមុខមាត់ប្រទេសអាស៊ានមួយនេះ នៅលើឆាកអន្តរជាតិ៕