(ហាណូយ)៖ ប្រធានាធិបតីវៀតណាមលោក ត្រាន ដៃក្វាង (Tran Dai Quang) បានទទួលមរណភាពហើយ នៅអាយុ ៦១ឆ្នាំ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ ចេញផ្សាយនៅមុននេះបន្តិចនារសៀលថ្ងៃសុក្រ ទី២១ ខែកញ្ញា ឆ្នាំ២០១៨។
យោងតាមការដកស្រង់ការផ្សាយពីវិទ្យុរដ្ឋរបស់ប្រទេសវៀតណាម ប្រធានាធិបតីលោក ត្រាន ដៃក្វាង បានទទួលមរណភាពបន្ទាប់ពីលោក បានរងការវាយប្រហារដោយជំងឺយ៉ាងធ្ងន់ធ្ងរ។
វិទ្យុរដ្ឋវៀតណាមបានចេញផ្សាយទៀតថា ប្រធានាធិបតីវៀតណាមបានទទួលមរណភាពនៅវេលាម៉ោង ១០៖០៥នាទីព្រឹក (ម៉ោងនៅទីក្រុងហាណូយ) ក្នុងមន្ទីរពេទ្យយោធានៃប្រទេសវៀតណាម។
គួរបញ្ជាក់ថា លោក Tran ត្រូវបានក្រុមគ្រូពេទ្យក្នុងស្រុក ក្រៅប្រទេស និងសាស្ត្រាចារ្យពេទ្យជាច្រើនរូប ព្យាយាមជួយសង្គ្រោះ ប៉ុន្តែលោកនៅតែមិនអាចឆ្លងផុតគ្រោះថ្នាក់ដដែល ខណៈគេនៅមិនទាន់ដឹងថា តើជំងឺធ្ងន់ធ្ងររបស់លោកនោះ ជាអ្វីឲ្យប្រាកដនោះឡើយ៕