(វ៉ាស៊ីនតោន)៖ ក្រោយពីទើបដាក់ទណ្ឌកម្មទៅលើប្រទេសចិន ពាក់ព័ន្ធនឹងការដែលទីក្រុងប៉េកាំងទិញសព្វាវុធពីប្រទេសរុស្ស៊ីនោះ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានចេញបទបញ្ជាឲ្យបន្តអនុវត្តន៍ការដាក់ទណ្ឌកម្មថែមទៀត ប្រឆាំងនឹងប្រទេសរុស្ស៊ី។ នេះបើតាមការដកស្រង់ការផ្សាយចេញពី ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃសុក្រ ទី២១ ខែកញ្ញា ឆ្នាំ២០១៨។
បទបញ្ជាខាងលើដែលមានឈ្មោះថា CAATSA អនុញ្ញាតឲ្យរដ្ឋមន្រ្តីហិរញ្ញវត្ថុ ក្រោមការពិគ្រោះយោបល់ជាមួយរដ្ឋមន្រ្តីការបរទេស អាចប្រើប្រាស់រាល់សិទ្ធិអំណាចទាំងអស់ ដែលផ្តល់ឲ្យដោយប្រធានាធិបតីអាមេរិក ដើម្បីបន្តអនុវត្តន៍ទណ្ឌកម្មផ្សេងៗ ដែលទាក់ទិននឹងប្រទេសរុស្ស៊ី។
ជាមួយគ្នានេះ រដ្ឋមន្រ្តីការបរទេសអាមេរិក លោក Mike Pompeo ក៏បានចាត់បញ្ចូនអង្គភាពក៏ដូចជាបុគ្គលចំនួន ៣៣រូប-អង្គភាព ទៅក្នុងបញ្ជីខ្មៅរបស់ CAATSA ផងដែរ ដោយសារមានជាប់ពាក់ព័ន្ធជាមួយស្ថាប័នការពារជាតិ ឬស្ថាប័នស៊ើបការណ៍សម្ងាត់របស់រដ្ឋាភិបាលរុស្ស៊ី។
ម៉្យាងវិញទៀតកាលពីខែមីនាកន្លងទៅ ក្រសួងហិរញ្ញវត្ថុអាមេរិក បានប្រកាសដាក់ទណ្ឌកម្មលើអង្គភាពចំនួន ០៥ ព្រមទាំងបុគ្គលចំនួន ១៩រូប ដោយយោងតាមច្បាប់ CAATSA។
គួរជម្រាបថា ទណ្ឌកម្មទាំងអស់នេះ គឺជាការឆ្លើយតបរបស់សហរដ្ឋអាមេរិក ចំពោះទង្វើរបស់រុស្ស៊ីនៅអ៊ុយក្រែន ការដណ្តើមយកតំបន់គ្រីមៀ ការលូកលាន់ និងវាយប្រហារតាមប្រព័ន្ធព័ត៌មានវិទ្យា ការចូលជ្រៀតជ្រែកកិច្ចការបោះឆ្នោតឆ្នាំ២០១៦ និងសកម្មភាពដទៃទៀត៕