(ម៉ានីល)៖ ចំនួនមនុស្សស្លាប់ដោយបំណាក់ដី នៅទីក្រុង ណាហ្គា (Naga) ភាគកណ្តាលប្រទេសហ្វីលីពីនបានកើនដល់ ២២នាក់។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃសុក្រ ទី២១ ខែកញ្ញា ឆ្នាំ២០១៨។
គិតត្រឹមពាក់កណ្តាលយប់មិញនេះ សាកសពមនុស្ស ២២នាក់ ត្រូវក្រុមសង្រ្គោះទាញយកបានពីក្រោមគំនរដី ខណៈមនុស្ស ០៩នាក់ ដែលនៅរស់រានមានជីវិត ក៏ត្រូវបានជួយសង្រ្គោះផងដែរ បន្ទាប់ពីគ្រោះរអិលបាក់ដីដ៏អាក្រក់នេះ បានកើតមានឡើងកាលពីព្រឹកថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ដែលបានសង្កត់ទៅលើផ្ទះសម្បែងជាង ៥០ខ្នង។
គួរជម្រាបថា បើតាមអាជ្ញាធរហ្វីលីពីន គ្រោះរអិលបាក់ដីនេះបានបង្កឡើងដោយសារតែការធ្លាក់ភ្លៀងខ្លាំងឥតឈប់ឈរ។ ទន្ទឹមនឹងនេះ នៅភាគខាងជើងហ្វីលីពីន ក្រុមសង្រ្គោះក៏កំពុងតែបន្តរុករកសាកសពមនុស្ស ដែលកប់នៅក្រោមបំណាក់ដី ដែលបង្កឡើងដោយព្យុះទីហ្វុង Mangkhut កាលពីចុងសប្តាហ៍មុន ដែលបានផ្តាច់យកជីវិតមនុស្ស ៨៨នាក់ និងបាត់ខ្លួនរាប់សិបនាក់ផងដែរ៕