(តូក្យូ)៖ លោក ស៊ីនហ្សូ អាបេ កំពុងស្ថិត​នៅលើផ្លូវឆ្ពោះទៅរក​ការកាន់អំណាច ជានាយករដ្ឋមន្ត្រី​ជប៉ុនយូរជាងគេ និងដើម្បីសម្រេច​គោលបំណង​ធ្វើវិសោធនកម្ម​រដ្ឋធម្មនុញ្ញ​សន្តិនិយម បន្ទាប់ពីលោក​បានជាប់ឆ្នោតជាថ្មី​ម្ដងទៀត ក្នុងនាមជាមេដឹក​គណបក្ស កាន់អំណាច​របស់លោក កាលពីថ្ងៃព្រហស្បតិ៍ និងត្រៀមដើម្បីប្រកួត​ប្រជែង ក្នុងការបោះឆ្នោត​ជាតិ​នាពេលខាងមុខ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃសុក្រ ទី២១ ខែកញ្ញា ឆ្នាំ២០១៨។

លោក អាបេ ដែលមានអាយុ ៦៣ឆ្នាំ បានទទួល​ការគាំទ្រ ៥៥៣សំឡេង​ពីសមាជិកសភា និងសមាជិក​គណបក្សកាន់អំណាច ខណៈគូប្រជែង របស់លោកគឺ​អតីតរដ្ឋមន្ត្រីការពារជាតិ​ជប៉ុន លោក ស៊ីហ្គែរុ អ៊ីស៊ីបា (Shigeru Ishiba) ទទួលបាន​សំឡេងគាំទ្រ ២៥៤សំឡេង នៅក្នុងការប្រកួតប្រជែងយក​តំណែងជាប្រធានគណបក្ស​ប្រជាធិបតេយ្យ​សេរី (LDP)។

គួរបញ្ជាក់ថា នៅក្នុងសំឡេងបោះ​ឆ្នោតទាំង ៨១០សំឡេង មាន ៨០៧សំឡេង​ មានសុពលភាព។ លោក អាបេ ដែលបានឡើងកាន់តំណែង​ជានាយករដ្ឋមន្ត្រីជប៉ុន​ តាំងពីឆ្នាំ២០១២មក បានសន្យា​ជម្រុញកំណើន​សេដ្ឋកិច្ច និងធ្វើវិសោធនកម្ម​រដ្ឋធម្មនុញ្ញ
សន្តិនិយមដើម្បី​ពង្រឹងវិស័យការពារជាតិ​ឡើងវិញ។

លើសពីនេះទៅទៀត ជ័យជម្នះរបស់លោក​នៅពេលនេះ នឹងផ្ដល់ឱកាសឱ្យ លោកបន្តធ្វើជា​នាយករដ្ឋមន្ត្រីរយៈពេល ០៣ឆ្នាំបន្ថែមទៀត ព្រមទាំងបំបែក​កំណត់ត្រាជានាយករដ្ឋមន្ត្រី​ជប៉ុន​ កាន់អំណាចយូរជាង​គេរបស់លោក តារ៉ូ កាត់ស៊ូរ៉ា (Taro Katsura) ដែលធ្លាប់កាន់តំណែង​នេះបីដងនៅ​ឆ្នាំ១៩០១ និង១៩១៣៕