(អាមេរិក)៖ កែវយឺតអវកាស TESS ត្រូវអង្គការ NASA ប្រកាសឲ្យដឹងថា បានធ្វើការរកឃើញជាលើកដំបូងនូវភពអេលៀនចំនួនពីរ បន្ទាប់ពីវាត្រូវបានបាញ់បង្ហោះឡើងទីអវកាសកាលពី០៥ខែមុន។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃសុក្រ ទី២១ ខែកញ្ញា ឆ្នាំ២០១៨។
កែវយឺត TESS ដែលមានឈ្មោះពេញថា Transiting Exoplanet Survey Satellite បានបង្កើតរបកគំហើញជាលើកដំបូងរបស់វា គិតចាប់តាំងតែពីការបាញ់បង្ហោះកាលពីខែមេសា តាមរយៈការឆ្លុះរកឃើញភព Super-Earth មួយ និងភព Hot-Earth មួយ ដែលស្ថិតនៅចម្ងាយយ៉ាងឆ្ងាយពីយើង។
ភព Super-Earth ខាងលើមានទំហំធំជាងផែនដីពី ០៤ ទៅ ០៥ដង និងស្ថិតនៅចម្ងាយប្រមាណជិត ៦០ឆ្នាំពន្លឺពីផែនដី ខណៈភព Hot Earth ដែលមានទំហំធំជាងភពរបស់យើងតែបន្តិចប៉ុណ្ណោះនោះ មានទីតាំងនៅចម្ងាយ ៤៩ឆ្នាំពន្លឺពីផែនដីរបស់យើង (ចម្ងាយ០១ឆ្នាំពន្លឺ = ៩.៤៦១ពាន់ពាន់លានគីឡូម៉ែត្រ)។
យ៉ាងណាមិញ ភពអេលៀនទាំងពីរនេះត្រូវគេជឿជាក់ថា មានគន្លងគោចរនៅយ៉ាងកៀកនឹងផ្កាយមេរបស់ខ្លាំង ជាហេតុអាចធ្វើឲ្យពួកវាមានសីតុណ្ហភាពក្តៅខ្លាំង និងពុំមានលទ្ធភាពទ្រទ្រង់ជីវិតក្នុងទម្រង់ណាមួយឡើយ ដូច្នេះអាចនិយាយបានថា វាគ្រាន់តែជាលទ្ធផលថ្មី ដែលមានបង្ហាញអំពីសមត្ថភាពរបស់ TESS តែប៉ុណ្ណោះ។
គួរជម្រាបថា TESS កំពុងស្ថិតក្នុងការបំពេញបេសកកម្មរយៈពេល ០២ឆ្នាំ ដើម្បីតាមរកមើលភពនានានៅក្រៅប្រព័ន្ធព្រះអាទិត្យ ខណៈរបកគំហើញនៃភពទាំងពីរខាងលើនេះ បានកើតមានឡើងឆាប់ជាងគេការរំពឹងទុក ដោយសារតែវាទើបបានចាប់ផ្តើមប្រតិបត្តិការជាផ្លូវការប៉ុណ្ណោះ៕