(វ៉ាស៊ីនតោន)៖ ទីប្រឹក្សាសន្តិសុខជាតិអាមេរិកលោក ចន បូលតុន (John Bolton) បានឱ្យដឹងថា ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានចុះហត្ថលេខាហើយ លើយុទ្ធសាស្ត្រសន្តិសុខព័ត៌មានវិទ្យា របស់សហរដ្ឋអាមេរិកជាលើកដំបូងក្នុងរយៈពេល ១៥ឆ្នាំ មកនេះ ក្នុងគោលបំណងការពារការវាយលុកផ្នែកព័ត៌មានវិទ្យា ពីបណ្ដាប្រទេសដទៃ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅព្រឹកថ្ងៃសុក្រ ទី២១ ខែកញ្ញា ឆ្នាំ២០១៨។
ថ្លែងនៅក្នុងសេចក្ដីថ្លែងការណ៍មួយ ចេញផ្សាយនៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ (ពេលវេលានៅអាមេរិក) លោក Bolton បានគូសបញ្ជាក់យ៉ាងដូច្នេះ «នៅថ្ងៃនេះលោកប្រធានាធិបតី ដូណាល់ ត្រាំ បានចុះហត្ថលេខាលើយុទ្ធសាស្ត្រសន្តិសុខព័ត៌មានវិទ្យា ជាលើកដំបូងក្នុងរយៈពេល ១៥ឆ្នាំមកនេះ»។ ទីប្រឹក្សាសន្តិសុខជាតិអាមេរិករូបនេះបានបន្ថែមថា យុទ្ធសាស្ត្រថ្មីនេះនឹងក្លាយជាវិធានការដ៏រឹងមាំក្នុងការទប់ស្កាត់ ក៏ដូចជា ប្រយុទ្ធប្រឆាំងនឹងប្រជាជាតិណាមួយ ដែលយកសហរដ្ឋអាមេរិកជាគោលដៅវាយប្រហារផ្នែកព័ត៌មាន វិទ្យា។
គួរបញ្ជាក់ថា បើតាមលោក John Bolton សហរដ្ឋអាមេរិកនឹងមិនដាក់កំហិតលើប្រតិបត្តិការប្រឆាំងនឹង ការវាយប្រហារព័ត៌មានវិទ្យា ឬ Hack ដូចជារដ្ឋបាលអាមេរិកមុនៗឡើយ ពោលគឺរាល់ទីភ្នាក់ងារសហព័ន្ធអាមេរិកទាំងអស់ នឹងត្រូវអនុវត្តន៍តាមអ្វីដែលមានចែង នៅក្នុងយុទ្ធសាស្ត្រសន្តិសុខព័ត៌មានវិទ្យាថ្មីនេះ៕