(ការ៉ាកាស់)៖ ប្រធានាធិបតីវេណេស៊ុយអេឡា លោក នីកូឡាស់ ម៉ាឌូរ៉ូ បានឱ្យដឹងថាម្ចាស់ផ្សារទំនើប៣៤នាក់ ត្រូវបានឃុំខ្លួនពីបទ ចោទប្រកាន់ថាបានលាក់បាំង និងដំឡើងតម្លៃម្ហូបអាហារដោយខុសច្បាប់ ខណៈប្រជាជនវេណេស៊ុយអេឡារាប់ម៉ឺននាក់ បានរត់ ភៀសខ្លួនទៅកាន់ប្រទេសក្បែរខាង ដើម្បីគេចេញពីវិបត្តិសេដ្ឋកិច្ចនៅក្នុងប្រទេស។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅថ្ងៃសុក្រ ទី២១ ខែកញ្ញា ឆ្នាំ២០១៨។
ថ្លែងនៅក្នុងសុន្ទរកថាជាមួយការខឹងសម្បារយ៉ាងខ្លាំង នៅលើកញ្ចក់ទូរទស្សន៍រដ្ឋនៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ (ម៉ោងនៅក្នុងតំបន់) លោក ម៉ាឌូរ៉ូ បានលើកឡើងដូច្នេះថា៖ «យើងបានឃុំខ្លួនម្ចាស់ផ្សារទំនើប៣៤នាក់ ដែលបានលាក់បាំង និងដំឡើងតម្លៃម្ហូបអាហារ ដោយខុសច្បាប់...ហើយខ្ញុំសូមលើកទឹកចិត្តឱ្យប្រជាជនវេណេស៊ុយអេឡាទាំងអស់ហ៊ាននិយាយ និងរាយការណ៍ប្រាប់អាជ្ញាធរ បើសិនជាបានឃើញឬក៏ជួបប្រទះការដំឡើងតម្លៃទំនិញមិនត្រឹមត្រូវ ដើម្បីទប់ស្កាត់អំពើឆក់ប្លន់»។
សូមជម្រាបថា ការឃុំខ្លួនម្ចាស់ផ្សារទំនើបទាំង៣៤នាក់ខាងលើ ធ្វើឡើងនៅក្នុងបរិបទដែលលោក ម៉ាឌូរ៉ូ បានសន្យាកាលពីខែមុន ថាលោកនឹងធ្វើកំណែទម្រង់សេដ្ឋកិច្ចប្រទេសជាតិ ដែលកំពុងជួបភាពវឹកវរ រហូតដល់បង្ខំឱ្យប្រជាជនរាប់ម៉ឺននាក់រត់ភៀសខ្លួន ទៅកាន់ប្រទេសក្បែរខាង ហើយរាប់លាននាក់ទៀតកំពុងរស់នៅក្រោមភាពក្រីក្រ៕