(វ៉ាស៊ីនតោន)៖ រដ្ឋបាលប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានសម្រេចចិត្តដាក់ទណ្ឌកម្មលើយោធាចិន នៅថ្ងៃព្រហស្បតិ៍ សប្ដាហ៍នេះ ជុំវិញការទិញយន្ដហោះចម្បាំង និងប្រព័ន្ធមីស៊ីលការពារដែនអាកាសពីរុស្ស៊ីដោយរំលោភបំពានលើច្បាប់ដាក់ទណ្ឌកម្ម ប្រឆាំងនឹងទីក្រុងម៉ូស្គូ សម្រាប់ការលូកដៃចូលក្នុងកិច្ចការបោះឆ្នោតអាមេរិកកាលពីឆ្នាំ២០១៦។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី២១ ខែកញ្ញា ឆ្នាំ២០១៨។
ជាមួយគ្នានេះ ក្រសួងការបរទេសអាមេរិកបានបញ្ជាក់ទៀតថាខ្លួននឹងដាក់ទណ្ឌកម្មជាបន្ទាន់លើនាយកដ្ឋានអភិវឌ្ឍបរិក្ខាយោធា របស់ចិន (EDD) និងនាយកនៃស្ថាប័នមួយនេះគឺលោក Li Shangfu សម្រាប់ការចូលរួមក្នុងការចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុន អាវុធរុស្ស៊ី Rosoboronexport។ ទណ្ឌកម្មទាំងនេះគឺមានជាប់ពាក់ព័ន្ធនឹងការទិញយន្ដហោះចម្បាំង SU-35 ចំនួន១០គ្រឿង កាលពីឆ្នាំ២០១៧ និងប្រព័ន្ធការពារដែនអាកាស S-400 ពីរុស្ស៊ីនៅក្នុងឆ្នាំ២០១៨នេះ។
មួយវិញទៀត ផ្អែកលើទណ្ឌកម្មខាងលើ លោក Li និងទីភ្នាក់ងារចិនមួយចំនួន នឹងត្រូវបានហាមឃាត់ក្នុងការស្នើសុំអាជ្ញាប័ណ្ឌ
នាំចេញ និងការចូលរួមក្នុងប្រព័ន្ធហិរញ្ញវត្ថុរបស់សហរដ្ឋអាមេរិក។ មិនតែប៉ុណ្ណោះ ពួកគេក៏នឹងត្រូវបានបញ្ចូលក្នុងបញ្ជីឈ្មោះបុគ្គល និងអង្គភាពដែលជាប់បម្រាមមិនឱ្យធ្វើពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិក នៃក្រសួងរតនាគារជាតិអាមេរិកផងដែរ។
សូមជម្រាបថា ក្រៅតែពីចិន តួកគី និងឥណ្ឌា ក៏កំពុងស្ថិតនៅក្នុងបញ្ជីខ្មៅរបស់សហរដ្ឋអាមេរិកដែរ ដោយសារតែការបញ្ជាទិញ អាវុធពីរុស្ស៊ី ជាពិសេសគឺប្រព័ន្ធមីស៊ីលការពារដែនអាកាស S-400 តែម្ដង៕