(សេអ៊ូល)៖ អាចនិយាយបានថា វាជាព្រឹត្តិការណ៍ដ៏គួរឲ្យចាប់អារម្មណ៍បំផុតរវាងប្រទេសកូរ៉េទាំងពីរ ខណៈដែលភាពវិជ្ជមានដែលប្រមូលបាន នៅក្នុងរយៈពេលបីថ្ងៃកន្លងទៅនេះ អាចឲ្យកូរ៉េទាំងពីរបន្តមពូនផ្តុំទំនាក់ទំនងល្អឡើងវិញ នៅពេលអនាគតខាងមុខទៀត ស្របពេលដែលទំនាក់ទំនងរវាងកូរ៉េខាងជើង និងសហរដ្ឋអាមេរិក ក៏អាចនឹងកាន់តែប្រសើរឡើងវិញផងដែរ។ នេះបើតាមការបូកសរុបព្រឹត្តិការណ៍សំខាន់ ស្តីពីបញ្ហាអន្តរកូរ៉េនៅល្ងាចថ្ងៃព្រហស្បតិ៍ ទី២០ ខែកញ្ញា ឆ្នាំ២០១៨។
ជំនួបកំពូលរវាងមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន និងប្រធានាធិបតីកូរ៉េខាងត្បូងលោក មូន ជែអ៊ីន បានចាប់ផ្តើមឡើងនៅទីក្រុងព្យុងយ៉ាង ចាប់តាំងពីរសៀលថ្ងៃអង្គារ ទី១៨ ខែកញ្ញា មកម្ល៉េះ ហើយត្រូវបញ្ចប់ទៅវិញក្រោយពីលោក មូន ជែអ៊ីន និងភរិយា ជិះយន្តហោះត្រឡប់ទៅកូរ៉េខាងត្បូងវិញនៅល្ងាចថ្ងៃព្រហស្បតិ៍នេះតែម្តង ក្រោយពីបញ្ចប់ទស្សនកិច្ចរយៈពេលបីថ្ងៃគត់។
១៖ ជំនួបកំពូល មូន-គីម ក្នុងថ្ងៃទី១
នៅថ្ងៃទី ១ គឺថ្ងៃអង្គារ ទី១៨ ខែកញ្ញា លោក មូន ជែអ៊ីន និងភរិយា បានជិះយន្ដហោះចាកចេញពី មូលដ្ឋានទ័ពអាកាស សឿងណាំ (Seongnam) ក្នុងទីក្រុងសេអ៊ូលនៅម៉ោង ៨៖៤០នាទីព្រឹកឆ្ពោះទៅកាន់ទីក្រុងព្យុងយ៉ាង ដោយនាំទៅជាមួយប្រតិភូ១១០នាក់។ យន្តហោះលោក មូន បានទៅដល់ទីក្រុងព្យុងយ៉ាង នៅម៉ោង ១០៖០០នាទីព្រឹកថ្ងៃអង្គារ (ម៉ោងនៅក្នុងទីក្រុងព្យុងយ៉ាង)។
អ្វីដែលគួរឲ្យភ្ញាក់ផ្អើលបំផុតនោះ គឺមេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានចេញមកទទួលដំណើរប្រធានាធិបតីកូរ៉េខាងត្បូងលោក មូន ជែអ៊ីន ដោយផ្ទាល់នៅឯអាកាសយានដ្ឋានអន្តរជាតិទីក្រុងព្យុងយ៉ាង ដែលនេះពិតជារឿងដែលកម្រមានបំផុត សម្រាប់ពិធីការទទួលមេដឹកនាំលើសកលោក។
លោក គីម ជុងអ៊ុន និងលោក មូន ជែអ៊ីន បានចាប់ដៃគ្នាទៅវិញទៅមក ក្រោមទឹកញញឹម ខណៈប្រជាជនកូរ៉េទាំងពីររំពឹងថា ប្រទេសជាបងប្អូនបង្កើតទាំងពីរ អាចនឹងផ្សះផ្សាគ្នាឡើងវិញ។
ទីបំផុតប្រធានាធិបតីកូរ៉េខាងត្បូងលោក មូន ជែអ៊ីន និងមេដឹកនាំកំពូលផុតលេខកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានចាប់ផ្ដើមកិច្ចចរចាជុំទី ១ ហើយនៅថ្ងៃអង្គារនេះ ក្នុងកិច្ចប្រជុំកំពូលអន្តរកូរ៉េលើកទី ៣ ដែលមានគោលបំណងសម្របសម្រួល ត្រួសត្រាយផ្លូវឱ្យមានការចាប់ផ្ដើមឡើងវិញ នូវកិច្ចពិភាក្សាស្ដីពីការលុបបំបាត់អាវុធនុយក្លេអ៊ែរ នៅលើឧបទ្វីបកូរ៉េរវាងលោក គីម និងលោក ដូណាល់ ត្រាំ។
នៅថ្ងៃទី ១ នៃកិច្ចពិភាក្សាគ្នាដែលចាប់ផ្តើនៅពេលរសៀលថ្ងៃអង្គារនោះ លោក គីម ជុងអ៊ុន បានថ្លែងទៅកាន់ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជែអ៊ីន យ៉ាងដូច្នេះថា «លោកប្រធានាធិបតី មូន បានជួយយើងជាច្រើនក្នុងការស្វែងរកកិច្ចចរចាជាប្រវត្តិសាស្ត្ររវាងសហរដ្ឋអាមេរិក និងកូរ៉េខាងជើង... ហើយដោយសារតែការចូលរួមនេះ វាបាន ធ្វើឱ្យតំបន់ទាំងមូលមានស្ថេរភាព ខណៈភាពរីកចំរើន និងលទ្ធផលគួរជាទីគាប់ចិត្តនឹងលេចរូបរាងឡើង»។
២៖ ជំនួបកំពូល ម៉ូន-គីម នៅថ្ងៃទី២
កិច្ចពិភាក្សាថ្ងៃទី ២ គឺថ្ងៃពុធ ទី១៩ ខែកញ្ញា បានចាប់ផ្តើមជាផ្លូវការរវាងលោក មូន និងលោក គីម ក្នុងទីក្រុងព្យុងយ៉ាងដដែល ដោយមិនបង្អង់យូរប្រមុខដឹកនាំវ័យក្មេងកូរ៉េខាងជើងបានអះអាងថា លោកនឹងបំពេញដំណើរទស្សនកិច្ចទៅកាន់ទីក្រុងសេអ៊ូល ក្នុងអនាគតដ៏ខ្លីខាងមុខនេះ ខណៈលោក និងប្រធានាធិបតីកូរ៉េខាងត្បូងលោក មូន ជែអ៊ីន ក៏បានឯកភាពគ្នាដែរថា នឹងប្រឹងប្រែងធ្វើឱ្យឧបទ្វីបកូរ៉េគ្មានអាវុធនុយក្លេអ៊ែរ និងគ្មានការគំរាមកំហែង។
កិច្ចប្រជុំនេះត្រូវបានធ្វើឡើងនៅឯវិមានរដ្ឋ ភែកហ្វាវ៉ុន (Paekhwawon) នៃទីក្រុងព្យុងយ៉ាង ហើយមិនតែប៉ុណ្ណោះនៅក្នុងជំនួបនោះមេដឹកនាំទាំងពីរក៏បានចុះហត្ថលេខាលើសេចក្ដីថ្លែងការណ៍រួមមួយផងដែរ។
នៅក្នុងសេចក្តីថ្លែងការណ៍រួម ទីក្រុងព្យុងយ៉ាងបានសម្រេចថា នឹងកម្ទេចកន្លែងធ្វើតេស្តគ្រាប់រ៉ុក្កែតរបស់ខ្លួននៅតំបន់ ថុញខាន់នី (Tonchkhan-ni) ចោលទាំងស្រុង រួមជាមួយរោងចក្រនុយក្លេអ៊ែរនៅ យ៉ុនប្យុន (Yonbyon)។ បន្ថែមពីនេះលោក គីម ជុងអ៊ុន បាននិយាយថា ប្រជាជាតិទាំងពីរបានឯកភាពគ្នាប្តេជ្ញាបង្កើនកិច្ចប្រឹងប្រែង ដើម្បីលុបបំបាត់អាវុធនុយក្លេអ៊ែរចេញពីឧបទ្វីបកូរ៉េ។
សម្រាប់កិច្ចព្រមព្រៀងយោធាវិញ កូរ៉េខាងជើង និងកូរ៉េខាងត្បូង បានយល់ព្រមដកកងទ័ពរៀងៗខ្លួនចេញពីតំបន់ព្រំដែនគ្មានយោធា Demilitarised Zone ហើយលែងឲ្យមានការកាន់អាវុធនៅក្នុងភូមិ ផាន់ម៉ុនចុម (Panmunjom) តទៀតឡើយ ព្រមទាំងបង្កើតតំបន់គ្មានការធ្វើសមយុទ្ធយោធាមួយថែមទៀត ដែលលាតសន្ធឹង ៨០គីឡូម៉ែត្រ នៅលើផ្ទៃសមុទ្រលឿង និងសមុទ្រជប៉ុន (សមុទ្រខាងកើត) ។
ជាចុងក្រោយ ទីក្រុងសេអ៊ូល និងព្យុងយ៉ាងក៏បានព្រមព្រៀងបញ្ជូនក្រុមអត្តពលិករួមគ្នា ឲ្យទៅប្រកួតក្នុងកីឡាអូឡាំពិកឆ្នាំ២០២០ និងដាក់សំណើរួមដើម្បីសុំធ្វើជាម្ចាស់ផ្ទះ នៃកីឡាអន្តរជាតិនេះនៅឆ្នាំ២០៣២ ផងដែរ។ នេះគឺភាពវិជ្ជមានថ្មីៗបន្ថែមទៀត សម្រាប់ការបន្ធូរបន្ថយភាពតានតឹង និងបង្កើនទំនាក់ទំនងប្រសើរឡើងវិញរវាងបងប្អូនកូរ៉េទាំងពីរ ដែលសហគមន៍អន្តរជាតិចង់ឃើញជាយូរណាស់មកហើយ។
ដោយមិនបង្អង់យូរ លោក ដូណាល់ ត្រាំ ដែលធ្លាប់ជួបមុខផ្ទាល់ជាមួយ លោក គីម កាលពីពាក់កណ្តាលខែមិថុនាកន្លងទៅនោះ ក៏បានបង្ហោះសារសម្តែងពីការត្រេកអរនិងសាទរភ្លាមៗ ចំពោះស្ថានការណ៍វិវឌ្ឍន៍យ៉ាងវិជ្ជមាននេះ។ បន្ថែមពីនេះទៀតរដ្ឋមន្រ្តីការបរទេសអាមេរិកលោក ម៉ៃក៍ ប៉ុមប៉េអូ (Mike Pompeo) បានសម្តែងការស្វាគមន៍ចំពោះការប្តេជ្ញាចិត្ត ដែលធ្វើឡើងដោយទីក្រុងព្យុងយ៉ាង នៅក្នុងកិច្ចប្រជុំកំពូលអន្តរកូរ៉េនាថ្ងៃពុធម្សិលមិញនេះ ហើយលោកបានបន្ថែមថា ទីក្រុងវ៉ាស៊ីនតោនបានត្រៀមរួចជាស្រេច ដើម្បីចាប់ផ្តើមកិច្ចចរចាភ្លាមៗតែម្តងដោយមិនបង្អង់យូរឡើយ ដើម្បីសម្រេចគោលដៅនៃការរំសាយអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង នៅឆ្នាំ២០២១។
៣៖ ជំនួបកំពូល មូន-គីម ថ្ងៃទី៣ (បញ្ចប់)
នាថ្ងៃទី ៣ ថ្ងៃព្រហស្បតិ៍ ទី២០ ខែកញ្ញា នៃការបំពេញទស្សនកិច្ចនៅកូរ៉េខាងជើង ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជែអ៊ីន បានធ្វើដំណើរជាមួយលោក គីម ជុងអ៊ុន ដើម្បីឡើងភ្នំ ភែកទូ (Paektu) ដ៏ល្បីប្រចាំឧបទ្វីបកូរ៉េ មុនពេលត្រូវត្រឡប់ទៅប្រទេសវិញ ហើយវាក៏ជាក្តីសុបិន្តជាយូរណាស់មកហើយ របស់លោក មូន ក្នុងនាមជាជនជាតិកូរ៉េផងដែរ។
ដំណើរកម្សាន្តដ៏កម្រនេះ ត្រូវបានរៀបចំឡើងក្រោមគោលដៅបង្កើនបរិយាកាសឲ្យកាន់តែស្និទ្ធស្នាលរវាងមេដឹកនាំទាំងពីរ ព្រមទាំងរំលេចពីភាពជោគជ័យនៃកិច្ចប្រជុំកំពូលអន្តរកូរ៉េ ដែលបានប្រព្រឹត្តទៅនៅទីក្រុងព្យុងយ៉ាង។ លោក មូន និង លោក គីម បានចាកចេញពីអាកាសយានដ្ឋានអន្តរជាតិ ស៊ូណា (Sunan) នៅព្យុងយ៉ាង នាវេលាព្រឹកថ្ងៃព្រហស្បតិ៍នេះ តាមយន្តហោះរៀងៗខ្លួន ហើយមេដឹកនាំទាំងពីរចាប់ផ្តើមធ្វើដំណើរឡើងភ្នំរួមគ្នា តាមរយៈយានជំនិះមួយគ្រឿង ក្រោយពីទៅដល់ព្រលានយន្តហោះ សាំជីយ៉ុន (Samjiyon) ដែលនៅក្បែរភ្នំ ក្នុងតំបន់ភាគខាងជើង។
ភ្នំ Paektu មានទីតាំងស្ថិតនៅតាមបណ្តោយព្រំដែនកូរ៉េខាងជើង-ចិន ហើយវាគឺជាភ្នំដ៏ល្បីឈ្មោះមួយនៅលើឧបទ្វីបកូរ៉េ ខណៈមានជនជាតិកូរ៉េខាងត្បូងតែប៉ុន្មានរូបប៉ុណ្ណោះ ដែលធ្លាប់បានឡើងភ្នំនេះ នៅកូរ៉េខាងជើង។ ដោយឡែកនៅពេលត្រឡប់មកកាន់ព្យុងយ៉ាងវិញ លោក មូន នឹងត្រូវវិលត្រឡប់ទៅកាន់កូរ៉េខាងត្បូង ក្រោយពីបានចំណាយពេល ០៣ថ្ងៃ ដើម្បីបំពេញទស្សនកិច្ចនៅកូរ៉េខាងជើង និងជួបលោក គីម ជាលើកទីបីក្នុងឆ្នាំនេះ។
ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជែអ៊ីន បានធ្វើដំណើរត្រឡប់មកដល់កូរ៉េខាងត្បូងវិញ នៅល្ងាចថ្ងៃព្រហស្បតិ៍នេះ បន្ទាប់ពីបានចូលរួមក្នុងជំនួបកំពូល ជាមួយមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ក្នុងទីក្រុងព្យុងយ៉ាង តាំងតែពីថ្ងៃអង្គារមក។
យន្ដហោះដឹកលោក មូន និងក្រុមមន្ត្រីកូរ៉េខាងត្បូង រួមទាំងភរិយារបស់លោក បានមកដល់អាកាសយានដ្ឋាន Seongnam ស្ថិតនៅ ខាងក្រៅទីក្រុងសេអ៊ូល នៅម៉ោង ៥៖៤០នាទីល្ងាច (ម៉ោងនៅក្នុងតំបន់)។ លោក មូន និងលោក គីម បានចូលរួមក្នុងកិច្ចប្រជុំ កំពូលអន្តរកូរ៉េជាលើកទី ៣ របស់អ្នកទាំងពីរនៅក្នុងឆ្នំា២០១៨ នេះ។ បន្ថែមពីលើនេះ នៅក្រោយជំនួបកំពូល មេដឹកនាំកូរ៉េទាំងពីរបានឯកភាពគ្នាថា នឹងចាត់វិធានការសកម្មភាពចាំបាច់នានា សំដៅលុបបំបាត់អាវុធនុយក្លេអ៊ែរនៅលើឧបទ្វីបកូរ៉េ និងបញ្ចប់ពីភាពតានតឹងរួមទាំងសកម្មភាពអរិភាពទាំងឡាយ នៅតាមតំបន់ព្រំដែនកូរ៉េ។
គួរជម្រាបថា លោក មូន ជែអ៊ីន បានក្លាយជាប្រធានាធិបតីកូរ៉េខាងត្បូងទី ៣ ដែលបានយកជើងជាន់ទីក្រុងព្យុងយ៉ាង។ មេដឹកនាំកូរ៉េទាំងពីរបានជួបគ្នាពីរលើករួចមកហើយ គឺកាលពីថ្ងៃទី២៧ ខែមេសា និងថ្ងៃទី២៦ ខែឧសភា ហើយមិនតែប៉ុណ្ណោះ លោក គីម ជុងអ៊ុន ក៏បានសន្យាផងដែរថា នឹងបំពេញដំណើរទស្សនកិច្ចទៅកាន់ទីក្រុងសេអ៊ូល ក្នុងពេលអនាគតដ៏ខ្លីខាងមុខ។
* ពាក្យបណ្តាំ៖ នៅក្នុងការត្រឡប់មកកូរ៉េខាងត្បូងវិញ លោក មូន ជែអ៊ីន មិនភ្លេចនៅក្នុងការរំលឹកអំពីពាក្យប្តេជ្ញារបស់លោក គីម ជុងអ៊ុន ក្នុងការលុបបំបាត់នុយក្លេអ៊ែរ នៅតំបន់ឧបទ្វីបកូរ៉េ ព្រមទាំងក្តីរំពឹងខ្ពស់របស់មេដឹកនាំកូរ៉េខាងជើង ដើម្បីបើកកិច្ចជំនួបកំពូលលើកទីពីរជាមួយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ៕