(ព្យុងយ៉ាង)៖ នាថ្ងៃទីបីនេះនៃការបំពេញទស្សនកិច្ចនៅកូរ៉េខាងជើង ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជែអ៊ីន បានធ្វើដំណើរជាមួយលោក គីម ជុងអ៊ុន ដើម្បីឡើងភ្នំ ភែកទូ (Paektu) ដ៏ល្បីប្រចាំឧបទ្វីបកូរ៉េ មុនពេលត្រូវត្រឡប់ទៅប្រទេសវិញ ហើយវាក៏ជាក្តីសុបិន្តជាយូរណាស់មកហើយ របស់លោក មូន ក្នុងនាមជាជនជាតិកូរ៉េផងដែរ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី២០ ខែកញ្ញា ឆ្នាំ២០១៨។
ដំណើរកម្សាន្តដ៏កម្រនេះ ត្រូវបានរៀបចំឡើងក្រោមគោលដៅបង្កើនបរិយាកាសឲ្យកាន់តែស្និទ្ធស្នាលរវាងមេដឹកនាំទាំងពីរ ព្រមទាំងរំលេចពីភាពជោគជ័យនៃកិច្ចប្រជុំកំពូលអន្តរកូរ៉េ ដែលបានប្រព្រឹត្តទៅនៅទីក្រុងព្យុងយ៉ាង។ លោក មូន និង លោក គីម បានចាកចេញពីអាកាសយានដ្ឋានអន្តរជាតិ ស៊ូណា (Sunan) នៅព្យុងយ៉ាង នាវេលាព្រឹកថ្ងៃព្រហស្បតិ៍នេះ តាមយន្តហោះរៀងៗខ្លួន ហើយមេដឹកនាំទាំងពីរចាប់ផ្តើមធ្វើដំណើរឡើងភ្នំរួមគ្នា តាមរយៈយានជំនិះមួយគ្រឿង ក្រោយពីទៅដល់ព្រលានយន្តហោះ សាំជីយ៉ុន (Samjiyon) ដែលនៅក្បែរភ្នំ ក្នុងតំបន់ភាគខាងជើង។
គួរជម្រាបថា ភ្នំ Paektu មានទីតាំងស្ថិតនៅតាមបណ្តោយព្រំដែនកូរ៉េខាងជើង-ចិន ហើយវាគឺជាភ្នំដ៏ល្បីឈ្មោះមួយនៅលើឧបទ្វីបកូរ៉េ ខណៈមានជនជាតិកូរ៉េខាងត្បូងតែប៉ុន្មានរូបប៉ុណ្ណោះ ដែលធ្លាប់បានឡើងភ្នំនេះ នៅកូរ៉េខាងជើង។ ដោយឡែកនៅពេលត្រឡប់មកកាន់ព្យុងយ៉ាងវិញ លោក មូន នឹងត្រូវវិលត្រឡប់ទៅកាន់កូរ៉េខាងត្បូង ក្រោយពីបានចំណាយពេល ០៣ថ្ងៃ ដើម្បីបំពេញទស្សនកិច្ចនៅកូរ៉េខាងជើង និងជួបលោក គីម ជាលើកទីបីក្នុងឆ្នាំនេះ៕