(គូឡាឡាំពួ)៖ អតីតនាយករដ្ឋមន្រ្តីម៉ាឡេស៊ី លោក ណាជីប រ៉ាហ្សាក់ (Najib Razak) ត្រូវប៉ូលិសអះអាងថា អាចប្រឈមមុខនឹងការចោទប្រកាន់ថ្មីចំនួនជាង ២០ករណី ថែមទៀត ជុំវិញរឿងអាស្រូវពុករលួយទាក់ទិនមូលនិធិរដ្ឋ 1MDB។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី២០ ខែកញ្ញា ឆ្នាំ២០១៨។
លោក Najib ត្រូវបានចាប់ខ្លួនសាជាថ្មីម្តងទៀត ដោយគណៈកម្មការប្រឆាំងអំពើពុករលួយម៉ាឡេស៊ី (MACC) កាលពីថ្ងៃពុធម្សិលមិញ ពាក់ព័ន្ធនឹងករណី 1MDB មុនត្រូវបញ្ជូនមកកាន់ប៉ូលិសដើម្បីធ្វើការសាកសួរ ហើយ MACC បានបញ្ជាក់ថា លោក Najib នឹងត្រូវចូលខ្លួនក្នុងតុលាការនារសៀលថ្ងៃព្រហស្បតិ៍នេះ ដើម្បីទទួលការចោទប្រកាន់។
បើតាមការឲ្យដឹងពីប៉ូលិសម៉ាឡេស៊ី បទចោទប្រកាន់រហូតដល់ ២១ករណី ត្រូវបានត្រៀមរួចជាស្រេចទាក់ទងនឹងលុយចំនួន ៦៨១លានដុល្លារ ដែលមានក្នុងគណនីធនាគាររបស់លោក កាលពីអំឡុងពេលដែលរូបលោកនៅកាន់តំណែងជាមេដឹកនាំប្រទេស ក្នុងនោះរួមមានការទទួល ប្រើប្រាស់ និងផ្ទេរលុយខុសច្បាប់ ទៅកាន់អង្គភាពដទៃៗជាដើម។ ទឹកប្រាក់ដ៏ច្រើននេះត្រូវបានគេសង្ស័យថា ជាលុយកិបកេងពីមូលនិធិ 1MDB ប៉ុន្តែលោក Najib បានបដិសេធថា វាបានមកពីការបរិច្ចាគដោយស្របច្បាប់របស់អារ៉ាប៊ី សាអូឌីត។
គួរជម្រាបថា ចាប់តាំងតែពីចាញ់ឆ្នោតកាលពីខែឧសភា រហូតមកទល់ពេលនេះ លោក Najib Razak បានប្រឈមមុខរួចទៅហើយ ទៅនឹងការចោទប្រកាន់ចំនួន ០៧ករណី ដោយក្នុងនោះ ០៣ករណី ទាក់ទិនការរំលោភលើទំនុកចិត្ត ០១ករណីទាក់ទិនការរំលោភអំណាច និង០៣ករណីទាក់ទិនការលាងលុយកខ្វក់។
បទចោទប្រកាន់ទាំងអស់នេះសុទ្ធតែពាក់ព័ន្ធនឹងការផ្ទេរលុយចំនួន ១០.៣លានដុល្លារ ទៅក្នុងគណនីធនាគាររបស់លោកដោយអង្គការ SRC International ដែលធ្លាប់ជាផ្នែកមួយនៃមូលនិធិ 1MDB ហើយលោក Najib បានច្រានចោលរាល់ការចោទប្រកាន់ទាំងអស់ ហើយធ្លាប់និយាយថា ការកាត់ក្តីនាខែកុម្ភៈ ឆ្នាំ២០១៩ គឺជាឱកាសដ៏ល្អបំផុត ដើម្បីលុបលាងរឿងអាស្រូវរបស់លោក៕