(អ៊ុយរ៉ាហ្គាយ)៖ នៅទីបំផុតរដ្ឋាភិបាលអ៊ុយរ៉ាហ្គាស បានទទួលយកហើយនូវសំណើស្នើសុំសាងសង់ រូបសំណាកអតីតគ្រូបង្វឹកក្រុមជម្រើសជាតិបាល់ទាត់អ៊ុយរ៉ាហ្កាយ លោក អូស្កា តាបារែស (Oscar Tabarez) នៅក្នុងរដ្ឋធានី ម៉ុងតេវីដូ (Montevideo) ដើម្បីជាការដឹងគុណ និងរំលឹកដល់ស្នាដៃរបស់លោក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២០ ខែកញ្ញា ឆ្នាំ២០១៨។
លោក Oscar Tabarez ឬគេស្គាល់រហស្សនាមថា The Teacher បានចំណាយពេលដឹកនាំក្រុមជម្រើសជាតិអ៊ុយរ៉ាហ្គាយដល់ទៅ ១២ឆ្នំា។ ចំណែកឯសំណើសាងសង់រូបសំណាករបស់លោក ត្រូវបានធ្វើឡើងដោយអ្នកសង្គមវិទ្យាម្នាក់ឈ្មោះ អេរិច អាល់វែស (Eric Alvez) ជាមួយការគាំទ្រពីអ្នកគាំទ្រ ៥០០នាក់ ដែលស្នើឱ្យដំណើរការនីតិវិធីសាងសង់នៅក្នុងឆ្នាំ២០១៨ នៅឯរុក្ខវិថី ឌឺជូលីយ៉ូលេខ ១៨ (18 de Julio) ក្នុងរដ្ឋធានី Montevideo។
គួរជម្រាបថា លោក Oscar Tabarez ធ្លាប់បានដឹកនាំក្រុមជម្រើសជាតិអ៊ុយរ៉ាហ្គាយ ឡើងដល់វគ្គពាក់កណ្ដាលផ្ដាត់ព្រ័ត នៃព្រឹត្តិការណ៍បាល់ទាត់ពិភពលោក World Cup 2010 និងវគ្គបួនក្រុមចុងក្រោយ World Cup 2018 ព្រមទាំងជួយឱ្យក្រុមជម្រើសជាតិមួយនេះ លើកពាន Copa America កាលពីឆ្នាំ២០១១ ផងដែរ។ ក៏ប៉ុន្តែបច្ចុប្បន្នសមាគមបាល់ទាត់អ៊ុយរ៉ាហ្កាយ (AUF) បានសម្រេចចិត្តពន្យារពេលការចុះកុងត្រាថ្មីជាមួយលោក Tabarez បន្ទាប់ពី FIFA តម្រូវឱ្យ AUF បោះឆ្នោតជ្រើសរើសប្រធានរបស់ខ្លួនឱ្យមានតម្លាភាព និងយុត្តិធម៌៕