(អាមេរិក)៖ យានរុករក Curiosity របស់ទីភ្នាក់ងារអវកាសអាមេរិក NASA បានផ្អាកប្រតិបត្តិការផ្នែកវិទ្យាសាស្រ្តរបស់វាជាបណ្តោះអាសន្នសិន ដោយសារកើតមានបញ្ហានៅក្នុងប្រព័ន្ធដំណើរមួយផ្នែករបស់វា។ នេះបើតាមការប្រកាសរបស់ក្រុមការងារបេសកកម្ម Curiosity ដកស្រង់ខ្លឹមសារដោយវែបសាយ Space.com នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២០ ខែកញ្ញា ឆ្នាំ២០១៨។
បញ្ហាខាងលើបានរារាំងមិនឲ្យយាន Curiosity បាញ់បញ្ជូននូវព័ត៌មានវិទ្យាសាស្រ្តសំខាន់ៗ ដែលស្តុកទុកនៅក្នុងអង្គចងចាំរបស់វា មកកាន់ផែនដីវិញបានឡើយ ប៉ុន្តែ Curiosity នៅតែមានសភាពល្អធម្មតាដដែលទេ តួយ៉ាងយានរុករកនេះនៅតែអាចបញ្ជូនទិន្នន័យបែប Real-Time អំពីស្ថានភាពរបស់វា។ ដោយឡែក ឧបករណ៍វិទ្យាសាស្រ្តនៅលើយាន Curiosity ត្រូវបានបិទមួយរយៈសិន ខណៈក្រុមអ្នកជំនាញ កំពុងធ្វើការត្រួតពិនិត្យលើបញ្ហាដែលកើតមាន។
គួរជម្រាបថា យាន Curiosity បានចុះទៅដល់តំបន់រណ្តៅ Gale Crater ដែលមានទំហំ ១៥៤គីឡូម៉ែត្រលើភពអង្គារ (Mars) កាលពីខែសីហា ឆ្នាំ២០១២។ ក្នុងអំឡុងរយៈពេលជាង ០៦ឆ្នាំ នៃប្រតិបត្តិការរបស់វានៅទីនោះ Curiosity បានរុករកឃើញភស្តុតាងជាច្រើនដែលបង្ហាញថា ភពក្រហមយក្សនេះអាចមានលទ្ធភាពទ្រង់ទ្រជីវិតក្នុងទម្រង់ជាសារពាង្គកាយតូចៗបាន កាលពីអតីតកាលដ៏យូរអង្វែងកន្លងទៅ៕