(ប៉េកាំង)៖ ប្រធានក្រុមហ៊ុន Alibaba លោក ជែក ម៉ា (Jack Ma) បានឱ្យដឹងថា ក្រុមហ៊ុនរបស់លោកមិនអាចបំពេញតាមការសន្យា «បង្កើតការងារ០១លានកន្លែង» នៅសហរដ្ឋអាមេរិកបានឡើយ ដោយសារតែសង្រ្គាមពាណិជ្ជកម្មបច្ចុប្បន្នរវាងសហរដ្ឋអាមេរិក និងចិន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២០ ខែកញ្ញា ឆ្នាំ២០១៨។
ការសន្យាបង្កើតការងារនៅក្នុងសហរដ្ឋអាមេរិករបស់លោក Jack Ma ធ្វើឡើងនៅក្នុងជំនួបជាមួយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីជាងពីរឆ្នាំមុន។ ប៉ុន្តែដោយសារសង្រ្គាមពាណិជ្ជកម្មបច្ចុប្បន្នកំពូលមហាសេដ្ឋីចិនរូបនេះបានអះអាងថា ក្រុមហ៊ុនរបស់លោកមិនអាចបំពេញតាមការសន្យានេះបានទៀតឡើយ។
លោក Jack Ma បានបញ្ជាក់នៅក្នុងបទសម្ភាសន៍ជាមួយ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ នៅថ្ងៃពុធសប្ដាហ៍នេះដូច្នេះថា «ការប្ដេជ្ញាចិត្តនេះគឺឈរលើមូលដ្ឋានមិត្តភាពរវាងសហរដ្ឋអាមេរិក និងចិន ព្រមទាំងកិច្ចសហប្រតិបត្តិការ ក៏ដូចជាពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរ... ប៉ុន្តែស្ថានភាពបច្ចុប្បន្ន បានបំផ្លាញការសន្យានេះ ហើយវាក៏គ្មានផ្លូវអាចបំពេញសន្យានេះបានទៀតដែរ»។
គួរបញ្ជាក់ថា បើទោះជាមានកិច្ចពិភាក្សាជាបន្តបន្ទាប់ក៏ដោយ ប៉ុន្តែសង្រ្គាមពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងចិននៅតែមិនទាន់ អាចដោះស្រាយបានឡើយ។ មិនតែប៉ុណ្ណោះ ជម្លោះបច្ចុប្បន្នកាន់តែមានសភាពធ្ងន់ឡើងៗ បន្ទាប់ពីសហរដ្ឋអាមេរិកប្រកាសដំឡើងពន្ធលើផលិតផលចិនមានតម្លៃ ២០០ពាន់លានដុល្លារ ខណៈចិនសងសឹកវិញជាមួយការដំឡើងពន្ធ លើផលិតផលអាមេរិកមានតម្លៃ ៦០ពាន់លានដុល្លារ។
ប៉ុន្តែការដំឡើងពន្ធនេះមិនទាន់បញ្ចប់ត្រឹមនេះឡើយ ពោលគឺប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ព្រមានថានឹងដំឡើងពន្ធឱ្យដល់ ២៦៧ពាន់លានដុល្លារបន្ថែមទៀត បើសិនជាទីក្រុងប៉េកាំង ហ៊ានចាត់វិធានការសងសឹកនឹងសហរដ្ឋអាមេរិកវិញ៕