(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា លោកមិនមានរដ្ឋមន្ត្រីក្រសួងយុត្តិធម៌នោះទេ ហើយការលើកឡើងបែបនេះកើតមានឡើងនៅក្នុងបរិបទ ដែលមានការសន្និដ្ឋានជាច្រើនថា លោកអាចនឹងបណ្ដេញរដ្ឋមន្ត្រីបច្ចុប្បន្នលោក ចេហ្វ សេសសិន (Jeff Sessions) ចេញពីតំណែង។ នេះបើតាមចេញផ្សាយដោយសារព័ត៌មាន BBC នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២០ ខែកញ្ញា ឆ្នាំ២០១៨។
លោក ដូណាល់ ត្រាំ ធ្វើការកត់សម្គាល់បែបនេះនៅក្នុងបទសម្ភាសន៍ជាមួយស្ថានីយទូរទស្សន៍ Hill.TV នៅថ្ងៃអង្គារសប្ដាហ៍នេះ ជាមួយការរិះគន់ជាថ្មីផងដែរ ចំពោះការសម្រេចចិត្តដកខ្លួនរបស់លោក Jeff Sessions ចេញពីការស៊ើបអង្កេតជុំវិញការចោទ ប្រកាន់ថា រុស្ស៊ីបានលូកលាន់ចូលក្នុងកិច្ចការបោះឆ្នោតអាមេរិកកាលពីឆ្នាំ២០១៦។ មិនតែប៉ុណ្ណោះ លោក ត្រាំ ក៏បានបញ្ជាក់ទៀតផងថា លោកមិនសប្បាយចិត្តទាល់តែសោះទាក់ទិននឹងការឆ្លើយតបទៅនឹងបញ្ហាអន្តោប្រវេសន៍របស់លោក Sessions។
ថ្លែងនៅក្នុងបទសម្ភាសន៍នោះលោក ត្រាំ បានលើកឡើងដូច្នេះថា «ខ្ញុំមិនមានរដ្ឋមន្ត្រីក្រសួងយុត្តិធម៌នោះទេ ហើយវាគឺជារឿង សោកសៅបំផុត... ខ្ញុំពិតជាសោកស្ដាយណាស់ ចំពោះការសម្រេចចិត្តដកខ្លួនរបស់លោក Sessions ចេញពីការស៊ើបអង្កេត»។ ក៏ប៉ុន្តែមកទល់នឹងពេលនេះ លោក Sessions មិនទាន់ធ្វើអត្ថាធិប្បាយអ្វីនៅឡើយទេ ស្របពេលមានការសន្និដ្ឋានជាច្រើនថា ប្រធានាធិបតីអាមេរិកនឹងបណ្ដេញរូបលោកចេញពីដំណែង។
ជាក់ស្ដែងនៅពេលត្រូវបានសាកសួរថា តើលោកនឹងពិចារណាបណ្ដេញលោក Sessions ដែរឬទេ? លោក ដូណាល់ ត្រាំ បានឆ្លើយថា «យើងនឹងបានឃើញអ្វីដែលនឹងកើតឡើង ហើយមនុស្សជាច្រើនក៏បានសួរខ្ញុំជាច្រើនពីរឿងនេះដែរ»។
គួរបញ្ជាក់ថា នេះគឺជារឿងដ៏កម្របំផុត ដែលប្រធានាធិបតីអាមេរិកម្នាក់រិះគន់លើរដ្ឋមន្ត្រីយុត្តិធម៌ ខណៈអ្នករិះគន់ជាច្រើនចោទថា លោក ដូណាល់ ត្រាំ កំពុងលូកលាន់ក្នុងប្រព័ន្ធយុត្តិធម៌៕