(មីយ៉ាន់ម៉ា)៖ អតីតអ្នកសារព័ត៌មានរដ្ឋ និងជាអ្នកអត្ថាធិប្បាយនយោបាយមីយ៉ាន់ម៉ាម្នាក់ ត្រូវបានតុលាការផ្ដន្ទាទោសដាក់ពន្ធនាគារ ០៧ឆ្នាំ ក្រោយហ៊ានសរសេររិះគន់ទីប្រឹក្សារដ្ឋ លោកស្រី អោងសាន ស៊ូជី នៅលើ Facebook ហើយនេះគឺជាការគំរាមកំហែង ចុងក្រោយបំផុតដល់សេរីភាពបញ្ចេញមតិនៅក្នុងប្រទេសមីយ៉ាន់ម៉ា។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Straitstimes នៅថ្ងៃពុធ ទី១៩ ខែកញ្ញា ឆ្នាំ២០១៨។

លោក Ngar Min Swe ដែលជាមនុស្សម្នាក់សិ្នទនឹងអតីតរបបសឹកភូមា ត្រូវបានគេរកឃើញថាមានពិរុទ្ធភាពពីបទញុះញុង និងត្រូវ ផ្តន្ទាទោសកាលពីថ្ងៃអង្គារ សម្រាប់ការសរសេររិះគន់នៅលើ Facebook ដោយបង្កឱ្យប្រជាជនមីយ៉ាន់ម៉ា មានការច្រឡំចំពោះ ទីប្រឹក្សារដ្ឋលោកស្រី ស៊ូជី។

ដោយឡែក ជុំវិញការកាត់ទោសនេះដែរ អ្នកនាំពាក្យតុលាការក្នុងទីក្រុងយ៉ាងហ្គន លោក Htay Aung បានគូសបញ្ជាក់ប្រាប់
អ្នកសារព័ត៌មានយ៉ាងខ្លីដូច្នេះថា៖«លោក Ngar Min Swe ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ០៧ឆ្នាំ...សម្រាប់ការរំលោភ បំពានច្បាប់ក្នុងការបង្ហោះសារនៅលើ Facebook ប្រឆាំងលោកស្រី អោងសាន ស៊ូជី ដោយបង្កឱ្យប្រជាជនមីយ៉ាន់ម៉ាយល់ច្រឡំ លើលោកស្រី»។

គួរបញ្ជាក់ថា លោក Ngar Min Swe ត្រូវបានអាជ្ញាធរចាប់ខ្លួនកាលពីថ្ងៃទី១២ ខែកក្កដា ពោលគឺក្នុងថ្ងៃតែមួយដែលលោកបាន បង្ហោះសាររិះគន់លោកស្រីស៊ូជី ទាក់ទិននឹងការថើបថ្ពល់ស្វាគមន៍អតីតប្រធានាធិបតីអាមេរិក លោក បារ៉ាក់ អូបាម៉ា នៅអំឡុង ដំណើរទស្សនកិច្ចផ្លូវរដ្ឋមួយរបស់លោកកាលពីឆ្នាំ២០១៣៕