(ឡុងដ៍)៖ ផ្កាយរណបមួយគ្រឿងរបស់ចក្រភពអង់គ្លេស បានធ្វើតេស្តដោយជោគជ័យ ក្នុងការដាក់ពង្រាយសំណាញ់ពិសេសមួយនៅក្នុងគន្លងអវកាស ដើម្បីបង្ហាញពីវិធីសាស្រ្តនៃការប្រមូលសម្រាម និងកម្ទេចកម្ទីរក្នុងទីអវកាស ដែលតែងតែបង្កក្តីព្រួយបារម្ភចំពោះបេសកកម្មអវកាសនានាកន្លងមក។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន BBC នៅល្ងាចថ្ងៃពុធ ទី១៩ ខែកញ្ញា ឆ្នាំ២០១៨។
សំណាក់ពិសេសខាងលើបានដំណើរការ នៅក្នុងទីអវកាសកម្ពស់ជាង ៣០០គីឡូម៉ែត្រ ពីផ្ទៃផែនដី ហើយវាគឺជាផ្នែកមួយនៃការធ្វើតេស្តជាបន្តបន្ទាប់ ដែលនឹងបង្ហាញឲ្យឃើញពីបច្ចេកវិទ្យាខុសៗគ្នា ស្តីពីមធ្យោបាយដើម្បីបោសសម្អាតគ្រឿងឧបករណ៍ផ្សេងៗ ដែលបច្ចុប្បន្នក្លាយជាវត្ថុឥតបានការ ដែលកំពុងរសាត់អណ្តែតជុំវិញផែនដី។
ជុំវិញប្រតិបត្តិការរបស់វានេះ សាស្ត្រាចារ្យ Guglielmo Aglietti នៃមជ្ឈមណ្ឌល Surrey Space បានអះអាងថា «វាបានដំណើរការ ទៅតាមអ្វីដែលយើងរំពឹងទុកមែន...។ សំរាមបានរសាត់អណ្តែត និងវិលវល់ដោយគ្មានគោលដៅនោះឡើយ ប៉ុន្តែយើងអាចឃើញសំណាញ់នោះ ចាប់យកវាបាន។ វាជារឿងដ៏គួរឲ្យរីករាយណាស់ជាមួយនឹងដំណើរការ នៃឧបករណីថ្មីរបស់យើង...។»
សំណាញ់ដ៏ពិតប្រាកដនេះ គឺត្រូវដាក់ភ្ញាប់ជាមួយនឹងផ្កាយរណបពិសេសមួយ ដែលមានតួនាទីក្នុងការក្រសោបយកសំរាមអវកាសចេញពីផ្ទៃមេឃ។ សម្រាប់ទីអវកាសពិតជាមានសម្រាមច្រើន ដែលបង្កឡើងដោយសកម្មភាពស្រាវជ្រាវអវកាសរបស់មនុស្ស ដោយខ្លះបានស្ថិតនៅទីនោះរាប់ខែរាប់ឆ្នាំ ហើយមិនទាន់ធ្លាក់មកផែនដីវិញផង។
គួរជម្រាបថា ផ្កាយរណបខាងលើមានឈ្មោះថា Remove Debris Satellite។ សម្រាបអវកាសប្រមាណ ៧,៥០០តោន ត្រូវគេអះអាងថា កំពុងតែរសាត់អណ្តែតគ្មានកោះត្រើយ នៅក្នុងគន្លងនៃភពរបស់យើង ហើយប្រការនេះអាចបង្កជាហានិភ័យយ៉ាងធ្ងន់ធ្ងរ សម្រាប់ការចេញបេសកកម្មរុករកក្នុងទីអវកាសនាពេលអនាគត៕