(ញូដេលី)៖ ការបញ្ជាទិញយន្តហោះចម្បាំង ដ៏មានអានុភាពរបស់បារាំង រ៉ាហ្វាល់ (Rafale) ពីសំណាក់រដ្ឋាភិបាលរបស់នាយករដ្ឋមន្ត្រីឥណ្ឌា លោក ណារិនដ្រា ម៉ូឌី នោះពេលនេះកំពុងតែជួបប្រទះបញ្ហាហើយ ខណៈបក្សប្រឆាំងធំមួយនៅក្នុងប្រទេស បានដាក់សំណើទៅកាន់ស្ថាប័នត្រួតពិនិត្យជាតិ ហៅកាត់ថា CAG ដើម្បីត្រួតពិនិត្យកិច្ចព្រមព្រៀងកាលពីឆ្នាំ២០១៦ នោះឡើងវិញ។ នេះបើតាមការចេញផ្សាយដោយ ស៊ិនហួរ នាល្ងាចថ្ងៃពុធ ទី១៩ ខែកញ្ញា ឆ្នាំ២០១៨។
ថ្នាក់ដឹកនាំនានានៃគណបក្សសភាប្រជាជនឥណ្ឌា (CP) បានរួមគ្នាបញ្ជូនសំណើទៅកាន់ CAG ដើម្បីទាមទារឲ្យមានការស៊ើបអង្កេត ទៅលើកិច្ចព្រមព្រៀងមួយ ដែលរដ្ឋាភិបាលលោក ម៉ូឌី កាលពីឆ្នាំ២០១៦ បានបញ្ជាទិញយន្តហោះចម្បាំង Rafale ចំនួន ៣៦គ្រឿង ពីក្រុមហ៊ុនផលិតសព្វាវុធបារាំង នៅក្នុងន័យលើកស្ទួយមុខមាត់ឥណ្ឌានៅលើឆាកអន្តរជាតិ។
ពាក់ព័ន្ធនឹងបញ្ហាខាងលើនេះដែរ កាលពីខែសីហាកន្លងទៅនេះ សមាជិកសភាពីររូបរបស់គណបក្ស បារ៉ាទីយ៉ា ហ្សាណាតា (Bharatiya Janata Party ឬ BJP) ដែលជាបក្សកាន់អំណាចនោះ បានមូលមតិគ្នាជាមួយមន្ត្រីតុលាការកំពូលឥណ្ឌាមួយរូបគឺលោក ប្រាសានត៍ បូហ្សាន (Prashant Bhushan) ដើម្បីអំពាវនាវឲ្យមានការត្រួតពិនិត្យឡើងវិញ ចំពោះកិច្ចព្រមព្រៀងរវាងរដ្ឋាភិបាលលោក ណារិនដ្រា ម៉ូឌី និងរដ្ឋាភិបាលបាំងក្នុងការទិញ-លក់ យន្តហោះចម្បាំង Rafale ចំនួន ៣៦គ្រឿង ដែលមតិមួយចំនួនបានចោទថា «ជាបទល្មើសព្រហ្មទណ្ឌដ៏ធំមហិមា ត្រូវបានប្រព្រឹត្តឡើងដោយបក្សកាន់អំណាច...»។
គួរបញ្ជាក់ថា ការតវ៉ានេះគឺក្រុមប្រឆាំង និងមន្ត្រីបក្សកាន់អំណាចខ្លួនឯងមួយចំនួនដែលមិនសុខចិត្តនោះ បានទាមទារឲ្យរដ្ឋាភិបាលលោក ម៉ូឌី បង្ហាញឲ្យច្បាស់អំពីតម្លៃ នៃកិច្ចព្រមព្រៀងទិញយន្តហោះចម្បាំងចំនួន ១២៦គ្រឿង ប្រភេទ UPA ដោយរដ្ឋសភាឥណ្ឌា និងយន្តហោះចម្បាំង Rafale ចំនួន ៣៦គ្រឿងដោយរដ្ឋាភិបាលលោក ម៉ូឌី៕