(គូឡាឡាំពួ)៖ មនុស្សយ៉ាងតិច ១៩នាក់ បានបាត់បង់ជីវិត និងជាច្រើននាក់ទៀត កំពុងទទួលការព្យាបាលនៅមន្ទីរពេទ្យ បន្ទាប់ពីកើតមានករណីដែលគេសង្ស័យថា ជាការពុលគ្រឿងស្រវឹងនាអំឡុងប៉ុន្មានថ្ងៃចុងក្រោយនេះ នៅឯប្រទេសម៉ាឡេស៊ី។ នេះបើតាមការដកស្រង់ការផ្សាយចេញពី ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅល្ងាចថ្ងៃពុធ ទី១៩ ខែកញ្ញា ឆ្នាំ២០១៨។
ករណីខាងលើសរុបចំនួនជាង ៥០ ត្រូវគេរាយការណ៍ថា បានកើតមានឡើងនៅរដ្ឋធានីគូឡាឡាំពួ និងរដ្ឋ សេឡាំងហ្គ័រ (Selangor) ដែលនៅក្បែរខាង។ ជុំវិញរឿងនេះប៉ូលិសរដ្ឋ Selangor បានចាប់ខ្លួនជនសង្ស័យចំនួន ០៧នាក់ ដែលសុទ្ធតែជាអ្នកធ្វើអាជីវកម្មលក់ដូរគ្រឿងស្រវឹង និងបានរឹបអូសស្រាវីស្គីប្រមាណ ១,០៣០ដប និងស្របៀរចំនួន ១,៧៦៧កំប៉ុង។
បើតាមក្រសួងសុខាភិបាលម៉ាឡេស៊ី ក្នុងចំណោមអ្នកដែលមានអាការៈមិនស្រួល រួមមាន ០៣នាក់ជាជនជាតិម៉ាឡេស៊ី ៤៨នាក់គឺជាជនបរទេសមកពីមីយ៉ាន់ម៉ា នេប៉ាល់ បង់ក្លាដែស និងឥណ្ឌា ហើយមនុស្សចំនួន ១៩នាក់បានស្លាប់ និងមួយចំនួនកំពុងស្ថិតក្រោមស្ថានភាពធ្ងន់ធ្ងរ ដោយជនទាំងអស់នេះ សុទ្ធតែបានបរិភោគស្រាវីស្គី និងស្របៀរប្រភេទខុសៗគ្នាពីតាមហាង កាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ។
គួរជម្រាបថា គំរូរាងនៃសារធាតុស្រវឹងទាំងនោះ ត្រូវប្រមូលយកបាននៅអំឡុងពេលស៊ើបអង្កេត ហើយបញ្ជូនទៅកាន់មន្ទីរពិសោធន៍ ដើម្បីធ្វើការត្រួតពិនិត្យ៕