(ព្យុងយ៉ាង)៖ កិច្ចជំនួបកំពូលរវាងលោក គីម ជុងអ៊ុន និងលោក ម៉ូន ជែអ៊ីន បានឈានចូលថ្ងៃទីពីរ និងបានសម្រេចលទ្ធផលផ្លែងផ្កាជាច្រើនមកហើយ គិតមកទល់នឹងល្ងាចថ្ងៃពុធនេះ (ម៉ោងនៅទីក្រុងព្យុងយ៉ាង) ខណៈអត្ថន័យសំខាន់ៗ នៃសេចក្តីថ្លែងការណ៍រួម និងកិច្ចព្រមព្រៀងសំខាន់ៗរវាងប្រទេសទាំងពីរ ក៏ត្រូវបានបញ្ចេញផងដែរ។ នេះបើតាមការចេញផ្សាយដោយ Sputnik នារសៀលថ្ងៃពុធ ទី១៩ ខែកញ្ញា ឆ្នាំ២០១៨។
នៅថ្ងៃទីពីរនៃកិច្ចប្រជុំកំពូលអន្តរកូរ៉េ ដែលប្រព្រឹត្តទៅនៅទីក្រុងព្យុងយ៉ាង រវាងប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជែអ៊ីន និងមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុង រដ្ឋាភិបាលប្រទេសទាំងពីរបានឈានដល់ការព្រមព្រៀងចេញសេចក្តីថ្លែងការណ៍រួម ព្រមទាំងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីបញ្ហាយោធាផងដែរ។
នៅក្នុងសេចក្តីថ្លែងការណ៍រួម ទីក្រុងព្យុងយ៉ាងបានសម្រេចថា នឹងកម្ទេចកន្លែងធ្វើតេស្តគ្រាប់រ៉ុក្កែតរបស់ខ្លួននៅតំបន់ ថុញខាន់នី (Tonchkhan-ni) ចោលទាំងស្រុង រួមជាមួយរោងចក្រនុយក្លេអ៊ែរនៅ យ៉ុនប្យុន (Yonbyon)។ បន្ថែមពីនេះលោក គីម ជុងអ៊ុន បាននិយាយថា ប្រជាជាតិទាំងពីរបានឯកភាពគ្នាប្តេជ្ញាបង្កើនកិច្ចប្រឹងប្រែង ដើម្បីលុបបំបាត់អាវុធនុយក្លេអ៊ែរចេញពីឧបទ្វីបកូរ៉េ។
សម្រាប់កិច្ចព្រមព្រៀងយោធាវិញ កូរ៉េខាងជើង និងកូរ៉េខាងត្បូង បានយល់ព្រមដកកងទ័ពរៀងៗខ្លួនចេញពីតំបន់ព្រំដែនគ្មានយោធា Demilitarised Zone ហើយលែងឲ្យមានការកាន់អាវុធនៅក្នុងភូមិ ផាន់ម៉ុនចុម (Panmunjom) តទៀតឡើយ ព្រមទាំងបង្កើតតំបន់គ្មានការធ្វើសមយុទ្ធយោធាមួយថែមទៀត ដែលលាតសន្ធឹង ៨០គីឡូម៉ែត្រ នៅលើផ្ទៃសមុទ្រលឿង និងសមុទ្រជប៉ុន (សមុទ្រខាងកើត) ។
ជាចុងក្រោយ ទីក្រុងសេអ៊ូល និងព្យុងយ៉ាងក៏បានព្រមព្រៀងបញ្ជូនក្រុមអត្តពលិករួមគ្នា ឲ្យទៅប្រកួតក្នុងកីឡាអូឡាំពិកឆ្នាំ២០២០ និងដាក់សំណើរួមដើម្បីសុំធ្វើជាម្ចាស់ផ្ទះ នៃកីឡាអន្តរជាតិនេះនៅឆ្នាំ២០៣២ ផងដែរ។ នេះគឺភាពវិជ្ជមានថ្មីៗបន្ថែមទៀត សម្រាប់ការបន្ធូរបន្ថយភាពតានតឹង និងបង្កើនទំនាក់ទំនងប្រសើរឡើងវិញរវាងបងប្អូនកូរ៉េទាំងពីរ ដែលសហគមន៍អន្តរជាតិចង់ឃើញជាយូរណាស់មកហើយ៕