(ព្យុងយ៉ាង)៖ កូរ៉េខាងជើង និងកូរ៉េខាងត្បូងនៅថ្ងៃពុធនេះ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយ ស្ដីពីវិស័យការពារជាតិរវាងប្រទេសទាំងពីរ ព្រមទាំងសេចក្ដីថ្លែងការណ៍រួមមួយ បន្ទាប់ពីជំនួបកំពូលរវាងលោក មូន ជែអ៊ីន និងលោក គីម ជុងអ៊ុន ក្នុងទីក្រុងព្យុងយ៉ាង។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅថ្ងៃពុធ ទី១៩ ខែកញ្ញា ឆ្នាំ២០១៨។
កិច្ចព្រមព្រៀងស្ដីពីវិស័យយោធា ត្រូវបានចុះហត្ថលេខាដោយរដ្ឋមន្ត្រីការពារជាតិកូរ៉េខាងត្បូង លោក សុង យាំងមូ (Song Young-moo) និងរដ្ឋមន្ត្រីការពារជាតិកូរ៉េខាងជើង លោក ណូ ក្វាងចុល (No Kwang Chol) ក្រោមវត្តមានប្រមុខរដ្ឋនៃប្រទេសទាំងពីរ ប៉ុន្តែមិនទាន់មានការ បញ្ជាក់លម្អិតពីអ្វីដែលមានចែង នៅក្នុងកិច្ចព្រមព្រៀងនេះនៅឡើយទេ។
ដោយឡែក បើតាមសេចក្ដីថ្លែងការណ៍រួមឯណោះវិញ ទីក្រុងព្យុងយ៉ាងបានយល់ព្រមបិទទីតាំងបាញ់សាកល្បងមីស៊ីល និងគ្រាប់រ៉ុក្កែតនៅក្នុងតំបន់ ថុញខាន់នី (Tonchkhan-ni) ជាអចិន្ត្រៃយ៍ ក្រោមវត្តមានអ្នកអង្កេតការណ៍អន្តរជាតិ។ លើសពីទៅទៀត កូរ៉េខាងជើង ក៏បានអះអាងផងដែរថា ខ្លួននឹងបិទរោងចក្រនុយក្លេអ៊ែរក្នុងតំបន់ យ៉ុនប្យុន (Yonbyon) បើសិនជាសហរដ្ឋអាមេរិក ចាត់វិធានការសកម្មភាពទៅវិញទៅមក។
គួរជម្រាបថា លោក មូន ជែអ៊ីន បានក្លាយជាប្រធានាធិបតីកូរ៉េខាងត្បូង ដំបូងគេបំផុតដែលបានបំពេញដំណើរទស្សនកិច្ចទៅកាន់ ទីក្រុងព្យុងយ៉ាង ក្នុងរយៈពេលជាង ១១ឆ្នាំមកនេះ ក្រោយអតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក រ៉ូ មូយុន (Roh Moo-hyun) ក៏ធ្លាប់បានជាន់ដីកូរ៉េខាងជើងផងដែរ កាលពីខែតុលា ឆ្នាំ២០០៧៕