(ម៉ូស្គូ)៖ ប្រធានាធិបតីរុស្ស៊ីលោក វ៉្លាឌីមៀ ពូទីន បានថ្លែងថា ការបាញ់ទម្លាក់យន្តហោះយោធារុស្ស៊ីមួយគ្រឿង នៅលើដែនសមុទ្រមេឌីទែរ៉ាណេ ក្បែរឆ្នេរប្រទេសស៊ីរី គឺជារឿងហេតុចៃដន្យដ៏អាក្រក់មួយ តែលោកពុំបានបន្ទោសលើស៊ីរី ឬក៏អ៊ីស្រាអែល ដែលមានជាបពាក់ព័ន្ធនឹងរឿងនេះឡើយ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃពុធ ទី១៩ ខែកញ្ញា ឆ្នាំ២០១៨។
ជុំវិញហេតុការណ៍នេះ នាយករដ្ឋមន្រ្តីអ៊ីស្រាអែលលោក បេនចាមីន ណេតាន់យ៉ាហូ (Benjamin Netanyahu) បានហៅទូរស័ព្ទមកកាន់លោក ពូទីន ដើម្បីសម្តែងការចូលរួមសោកស្តាយចំពោះយោធារុស្ស៊ី ដែលបានបាត់បង់ជីវិត ប៉ុន្តែអ៊ីស្រាអែលបានទទូចថា យន្តហោះនោះត្រូវបានបាញ់ទម្លាក់ដោយប្រព័ន្ធមីស៊ីលការពារអាកាសរបស់ស៊ីរី ដែលមានន័យថាវាពុំមានហេតុផលណាមួយ ត្រូវឲ្យអ៊ីស្រាអែលមកទទួលខុសត្រូវនោះឡើយ។
ក្រសួងការពារជាតិរុស្ស៊ីបានបញ្ជាក់ឲ្យដឹងថា ប្រព័ន្ធការពារដែនអាកាសស៊ីរី បានច្រឡំបាញ់មីស៊ីលទៅលើយន្តហោះយោធារុស្ស៊ី នៅចំពេលមានការបើកការវាយប្រហារ ដោយកងយន្តហោះចម្បាំងរបស់អ៊ីស្រាអែល ទៅលើទីក្រុង ឡាតាកៀ (Latakia) របស់ប្រទេសស៊ីរី។
គួរជម្រាបថា ក្នុងឱកាសពិភាក្សាជាមួយលោក ណេតាន់យ៉ាហូ លោក ពូទីន ក៏បានព្រមានអ៊ីស្រាអែល កុំឲ្យធ្វើប្រតិបត្តិការបែបនេះទៀតនាពេលអនាគតផងដែរ៕