(ព្យុងយ៉ាង)៖ មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បាននិយាយថា លោកនឹងបំពេញដំណើរទស្សនកិច្ចទៅកាន់ទីក្រុងសេអ៊ូល ក្នុងអនាគតដ៏ខ្លីខាងមុខនេះ ខណៈលោក និងប្រធានាធិបតីកូរ៉េខាងត្បូងលោក មូន ជែអ៊ីន ក៏បានឯកភាពគ្នាដែរថា នឹងប្រឹងប្រែងធ្វើឱ្យឧបទ្វីបកូរ៉េគ្មានអាវុធនុយក្លេអ៊ែរ និងគ្មានការគំរាមកំហែង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ នៅព្រឹកថ្ងៃពុធ ទី១៩ ខែកញ្ញា ឆ្នាំ២០១៨។
ការលើកឡើងខាងលើរបស់លោក គីម ជុងអ៊ុន ធ្វើឡើងនៅក្នុងជំនួបមួយទល់នឹងមួយជាមួយលោក មូន ជែអ៊ីន នាឱកាសចូលរួម ក្នុងកិច្ចចរចាជុំទី ២ នៅថ្ងៃពុធនេះ។ កិច្ចប្រជុំនេះត្រូវបានធ្វើឡើងនៅឯវិមានរដ្ឋ ភែកហ្វាវ៉ុន (Paekhwawon) នៃទីក្រុងព្យុងយ៉ាង ហើយមិនតែប៉ុណ្ណោះនៅក្នុងជំនួបនោះមេដឹកនាំទាំងពីរក៏បានចុះហត្ថលេខាលើសេចក្ដីថ្លែងការណ៍រួមមួយផងដែរ ប៉ុន្តែភា្លមៗមិនទាន់មានការបញ្ជាក់លម្អិតអ្វីនៅឡើយទេ។
គួរជម្រាបថា បើតាមការគ្រោងទុកលោក មូន ជែអ៊ីន នឹងត្រូវត្រឡប់ទៅកាន់ទីក្រុងសេអ៊ូលវិញ នៅថ្ងៃព្រហស្បតិ៍ស្អែកនេះ ហើយ លោកនឹងត្រូវបន្តធ្វើដំណើរទៅកាន់ទីក្រុងញូយ៉ក ដើម្បីជួបជាមួយលោក ដូណាល់ ត្រាំ នាឱកាសចូលរួមកិច្ចប្រជុំមហាសន្និបាត អង្គការសហប្រជាជាតិនៅសប្ដាហ៍ក្រោយនេះ៕