(បាងកក)៖ អតីតនាយករដ្ឋមន្ត្រីថៃ ដែលកំពុងរស់នៅនិរទេសខ្លួននៅឯបរទេស លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ (Thaksin Shinawatra) បាននិយាយថា បច្ចុប្បន្ន វាដល់ពេលវេលាហើយដែលអ្នកនយោបាយនៅក្នុងប្រទេសថៃ ត្រូវអង្គុយចរចាគ្នា ដើម្បីស្វែងរកផលប្រយោជន៍រួមសម្រាប់ជាតិ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Bangkok Post នៅព្រឹកថ្ងៃពុធ ទី១៩ ខែកញ្ញា ឆ្នាំ២០១៨។
លោក Thaksin Shinawatra ធ្វើការកត់សម្គាល់បែបនេះនៅលើទំព័រ Facebook នាឱកាសខួបលើកទី ១២ នៃការធ្វើរដ្ឋប្រហារយោធាផ្ដួលរំលំរដ្ឋាភិបាលរបស់លោក កាលពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០០៦ ក្នុងអំឡុងពេលលោកកំពុងចូលរួមក្នុងកិច្ចប្រជុំមហា សន្និបាតអង្គការសហប្រជាជាតិ នៅឯទីក្រុងញូយ៉កសហរដ្ឋអាមេរិក។
លោក Thaksin បានគូសបញ្ជាក់យ៉ាងដូច្នេះថា «បច្ចុប្បន្នវាគឺជាពេលវេលាដែលយើងទាំងអស់ ត្រូវអង្គុយទល់មុខគ្នា ហើយពិភាក្សាគ្នាដើម្បីរកផលប្រយោជន៍រួមសម្រាប់ជាតិ ឬក៏នៅតែបន្តវាយប្រហារ ដាក់គ្នាទៅវិញទៅមក។ លោកបន្តថា «ខ្ញុំពិតជាចង់ស្រែកឱ្យខ្លាំងៗ ថាតើពួកយើងជាជនជាតិថៃដែរ ឬទេ? ហើយក្នុងឱកាសខួបលើកទី ១២ នេះខ្ញុំសូមនិយាយដោយស្មោះថា ខ្ញុំពិតជាសោកស្ដាយចំពោះអ្វីដែលបានកើតឡើងលើប្រទេសថៃ»។
ទោះបីជាយ៉ាងនេះក្ដី នៅក្នុងសារចុងក្រោយរបស់ខ្លួន លោក Thaksin នៅតែអះអាងថា រដ្ឋប្រហារកាលពី ១២ឆ្នាំមុន បានផ្ដល់ឱកាសសុភមង្គល និងឱកាសដល់ក្នុងការរស់នៅជួបជុំ ជាមួយគ្រួសាររបស់លោកហើយថាលោកអភ័យទោសដល់អ្នកទាំងឡាយ ដែលធ្វើមិនល្អដាក់រូបលោក៕