(បាងកក)៖ អភិបាលនៃខេត្តម៉ែហុងសុន (Mae Hong Son) នៃភាគខាងជើងប្រទេសថៃ ដែលបានទទួលរងឥទ្ធិពលដ៏ខ្លាំងក្លា នៃព្យុះទីហ្វុងមាំងឃុត (Mangkhut) នោះបានបណ្តាលឲ្យក្មេងស្រីម្នាក់បាត់បង់ជីវិត និងមនុស្ស ០៧នាក់ ទៀតបាត់ខ្លួន។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មានចិនស៊ីនហួរ នាព្រឹកថ្ងៃពុធ ទី១៩ ខែកញ្ញា ឆ្នាំ២០១៨។
របាយការណ៍ខាងលើនេះ ត្រូវបានបញ្ជាក់ឲ្យដឹងដោយអភិបាលខេត្តរបស់ថៃខាងលើ គឺលោក ស៊ីរីរ៉ាត់ ជូមុពផាកាន (Sirirat Chumuppakan) ទៅកាន់ក្រសួងមហាផ្ទៃថៃ ដោយក្នុងនោះបានសង្កត់ធ្ងន់ថា មនុស្សទាំង ០៧នាក់ដែលបាត់ខ្លួននោះ គឺកំពុងស្ថិតក្នុងតាមរកនៅឡើយពីក្រុមសង្គ្រោះ ហើយក្នុងចំណោមនោះក៏មានក្មេងអាយុ ០៣ឆ្នាំម្នាក់ផងដែរ។
បន្ថែមពីនេះទៀត ការបាក់ដី និងលំហូរល្បាប់ភក់បានបង្កឲ្យប្រជាជនក្នុងខេត្ត ម៉ៃហុងសុន ១១នាក់រងរបួស ហើយក៏បានបំផ្លិចបំផ្លាញផ្ទះរាប់សិបខ្នងផងដែរ។ ព្យុះទីហ្វុង Mangkhut ដ៏កាចសាហាវបានវាយប្រហារប្រទេសហ្វីលីពីនកាលពីសប្តាហ៍មុន ដោយបានបង្កឲ្យមនុស្សស្លាប់ និងបាត់ខ្លួនជាង ១០០នាក់ ខណៈនៅប្រទេសចិនក៏មានមនុស្សស្លាប់ និងការខូចខាតទ្រព្យសម្បត្តិជាច្រើនដោយសារព្យុះនេះដែរ៕