(ឡាអេ)៖ នៅទីបំផុត តុលាការព្រហ្មទណ្ឌអន្តរជាតិ (​ICC) បានបើកការស៊ើបអង្កេតបឋមរបស់ខ្លួនហើយ ដើម្បីត្រួតពិនិត្យលើការ ចោទប្រកាន់មីយ៉ាន់ម៉ាថាបានប្រពឹ្រត្តអំពើប្រល័យពូជសាសន៍ និងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ លើជនជាតិដើមភាគតិចរ៉ូហ៊ីងយ៉ា។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Straitstimes នៅថ្ងៃពុធ ទី១៩ ខែកញ្ញា ឆ្នាំ២០១៨។

ការសម្រេចចិត្តនៅពេលនេះរបស់ ICC អាចនឹងបើកផ្លូវឱ្យមានការស៊ើបអង្កេតយ៉ាងពេញលេញមួយ លើយោធាមីយ៉ាន់ម៉ា ដែល ត្រូវបានគេចោទថាបានសម្លាប់រង្គាលជនជាតិរ៉ូហ៊ីងយ៉ារាប់ពាន់នាក់ និងបណ្ដេញជនជាតិភាគតិចដ៏កំសត់មួយជាង៧០០,០០០នាក់ ចេញពីភូមិដ្ឋានរបស់ពួកគេក្នុងរដ្ឋ Rakhine។

តែយ៉ាងណាក៏ដោយ រដ្ឋាភិបាល និងយោធាមីយ៉ាន់ម៉ា បានច្រានចោទរាល់ការចោទប្រកាន់ទាំងឡាយ ហើយអះអាងថាអ្វីដែល យោធាមីយ៉ាន់ម៉ាបានធ្វើនៅក្នុងរដ្ឋ Rakhine គឺគ្រាន់តែដើម្បីការពារជនស៊ីវិលតែប៉ុណ្ណោះ និងមិនបានប្រព្រឹត្តអំពើប្រល័យ
ពូជសាសន៍អ្វីនោះទេ៕