(យ៉េមែន)៖ កុមារជាង១លាននាក់ អាចនឹងត្រូវប្រឈមមុខនឹងគ្រោះអត់ឃ្លាននៅក្នុងប្រទេសយ៉េមែន ដែលកំពុងញំញីដោយសារ សង្រ្គាមជាង០៣ឆ្នាំមកនេះ។ នេះគឺជាការព្រមានរបស់អង្គការ Save the Children ដកស្រង់ដោយសារព័ត៌មាន BBC នៅថ្ងៃពុធ ទី១៩ ខែកញ្ញា ឆ្នាំ២០១៨។
តម្លៃម្ហូបអាហារឡើងខ្ពស់កប់ពពក និងការធ្លាក់ចុះនៃតម្លៃរូបិយវត្ថុយ៉េមែន គឺបង្កឡើងដោយសង្រ្គាមដែលកំពុងធ្វើឱ្យប្រជាជន យ៉េមែនជាច្រើនជួបហានិភ័យនៃអសន្តិសុខស្បៀងអាហារ។ ប៉ុន្តែ រឹតតែសំខាន់ទៅទៀតនោះ គឺថាការគំរាមកំហែងកាន់តែកើន ឡើងជាលំដាប់ បណ្ដាលមកពីការវាយប្រយុទ្ធគ្នាឥតឈប់ឈរនៅឯទីក្រុងកំពង់ផែ Hudaydah ដ្បិតទីក្រុងគ្រប់គ្រងដោយ ក្រុមឧទ្ទាមហ៊ូទីមួយនេះគឺជាច្រកចូលដ៏សំខាន់សម្រាប់ការដឹកជញ្ជូនជំនួយផ្សេងៗឱ្យប្រជាជនយ៉េមែន។
ដោយឡែក ជុំវិញជម្លោះនៅយ៉េមែននេះដែរ អង្គការ Save the Children បានព្រមានថា កុមារយ៉េមែនជាង០១លាននាក់ អាច នឹងត្រូវប្រឈមមុខនឹងគ្រោះអត់ឃ្លាននៅពេលអនាគត ខណៈកុមារសរុប ៥.២លាននាក់ កំពុងប្រឈមមុខនឹងគ្រោះអត់ឃ្លាន ស្រាប់។
គួរបញ្ជាក់ថា បើតាមអង្គការសហប្រជាជាតិ សង្រ្គាមនៅក្នុងប្រទេសយ៉េមែន រវាងក្រុមឧទ្ទាមហ៊ូទី និងរដ្ឋាភិបាលគាំទ្រដោយ អារ៉ាប៊ីសាអូឌីត ដែលផ្ទុះឡើងកាលពីឆ្នាំ២០១៥ បានផ្ដាច់យកជីវិតមនុស្សជាង១០,០០០នាក់ ក្នុងនោះពីរភាគបីគឺជាជនស៊ីវិល និង ៥៥,០០០នាក់រងរបួស៕