(ពិភពលោក)៖ នៅថ្ងៃអង្គារ ទី១៨ ខែកញ្ញា ឆ្នាំ២០១៨នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍ រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖
១៖ ទីបំផុតប្រធានាធិបតីកូរ៉េខាងត្បូងលោក មូន ជែអ៊ីន និងមេដឹកនាំកំពូលផុតលេខកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានចាប់ផ្ដើមកិច្ចចរចាជុំទី១ ហើយនៅថ្ងៃអង្គារនេះ ក្នុងកិច្ចប្រជុំកំពូលអន្តរកូរ៉េលើកទី ៣ ដែលមានគោលបំណងសម្របសម្រួល ត្រួសត្រាយផ្លូវឱ្យមានការចាប់ផ្ដើមឡើងវិញ នូវកិច្ចពិភាក្សាស្ដីពីការលុបបំបាត់អាវុធនុយក្លេអ៊ែរ នៅលើឧបទ្វីបកូរ៉េរវាងលោក គីម និងលោក ដូណាល់ ត្រាំ៕
២៖តំបន់មួយចំនួនធំនៅក្នុងប្រទេសសិង្ហបុរី បានដាច់ការផ្គត់ផ្គង់ចរន្តអគ្គិសនីជាងកន្លះម៉ោងនៅព្រឹកឈានចូលថ្ងៃអង្គារនេះ ដោយបង្កផលប៉ះពាល់យ៉ាងខ្លាំងដល់ប្រជាជន និងហាងទំនិញនានា៕
៣៖ ក្រុមហ៊ុនអវកាសអាមេរិក SpaceX បានប្រកាសឲ្យដឹងថា កំពូលមហាសេដ្ឋីជនជាតិជប៉ុនម្នាក់ នឹងក្លាយជាអតិថិជនដំបូងបំផុតរបស់ខ្លួន នៅក្នុងការធ្វើដំណើរទេសចរណ៍ ឡើងទៅកាន់ឋានព្រះច័ន្ទ នៅលើគ្រាប់រ៉ុក្កែតជំនាន់ថ្មី របស់ក្រុមហ៊ុន ដែលកំពុងស្ថិតក្រោមការអភិវឌ្ឍ៕
៤៖ ចានតេឡេស្កូបយក្សរបស់ចិន ដែលមានឈ្មោះកាត់ថា FAST នឹងចាប់ផ្តើមធ្វើប្រតិបត្តិការជាផ្លូវការ ក៏ដូចជាបើកទទួលស្វាគមន៍តារាវិទូចិន នៅឆ្នាំ២០១៩ ខាងមុខនេះហើយ។
៥៖ ក្រសួងការពារជាតិរុស្ស៊ីបានចេញមុខបន្ទោសអ៊ីស្រាអែល និងទាមទារឲ្យប្រទេសក្បែរខាងស៊ីរីមួយនេះ ទទួលខុសត្រូវចំពោះការធ្លាក់យន្តហោះ អ៊ីល-២០ (Il-20) ជាមួយនឹងយោធារុស្ស៊ីនៅលើនោះសរុប ១៥នាក់ នៅក្នុងដែនសមុទ្រមេឌីទែរ៉ាណេ ទោះបីជាទង្វើនេះត្រូវបានបង្កឡើងដោយការភ័ន្តច្រឡំ ពីសំណាក់ប្រព័ន្ធការពារដែនអាកាសនៃប្រទេសស៊ីរីក៏ដោយ៕
៦៖ សហរដ្ឋអាមេរិក កំពុងត្រៀមដំឡើងពន្ធថ្មីមួយមានតម្លៃជាង ២០០ពាន់លានដុល្លារលើផលិតផលនាំចូលពីចិនខណៈជម្លោះ ពាណិជ្ជកម្មកាន់តែសភាពធ្ងន់ធ្ងរ ជាមួយការគំរាមដំឡើងពន្ធបន្ថែមរហូតដល់២៦៧ពាន់លានដុល្លារពីសំណាក់លោក ដូណាល់ ត្រាំ នៅពេលអនាគត៕