(ម៉ូស្គូ)៖ ក្រសួងការពារជាតិរុស្ស៊ីបានចេញមុខបន្ទោសអ៊ីស្រាអែល និងទាមទារឲ្យប្រទេសក្បែរខាងស៊ីរីមួយនេះ ទទួលខុសត្រូវចំពោះការធ្លាក់យន្តហោះ អ៊ីល-២០ (Il-20) ជាមួយនឹងយោធារុស្ស៊ីនៅលើនោះសរុប ១៥នាក់ នៅក្នុងដែនសមុទ្រមេឌីទែរ៉ាណេ ទោះបីជាទង្វើនេះត្រូវបានបង្កឡើងដោយការភ័ន្តច្រឡំ ពីសំណាក់ប្រព័ន្ធការពារដែនអាកាសនៃប្រទេសស៊ីរីក៏ដោយ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នាល្ងាចថ្ងៃអង្គារ ទី១៨ ខែកញ្ញា ឆ្នាំ២០១៨។
រដ្ឋមន្ត្រីក្រសួងការពារជាតិរុស្ស៊ីលោក ស៊ឺហ្គៃ សយហ្គូ បានថ្លែងដូចខាងលើនេះ នៅក្នុងការឱកាលដែលលោកកំពុងតែបញ្ជាកម្លាំង មានដូចជានាវារុករកចំនួន ០៨គ្រឿង និងយន្តហោះយោធាមួយចំនួនផងដែរ ដើម្បីតាមស្វែងរកបំណែកនៃយន្តហោះយោធា Il-20 និងមនុស្សចំនួន ១៥នាក់ ដែលគេជឿជាក់ថា គ្មាននរណានៅរស់រានមានជីវិតនោះឡើយ បន្ទាប់ពីយន្តហោះនោះត្រូវបានគ្រាប់មីស៊ីលបុកចំ និងធ្លាក់ក្នុងសមុទ្រមេឌីទែរ៉ាណេ។
បន្ថែមពីនេះការថ្លែងរបស់លោក សយហ្គូ ក៏ត្រូវបានធ្វើឡើងដោយផ្ទាល់ទៅកាន់រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែលលោក អេវីកដ័រ ឡៃប៊ឺមែន (Avigdor Lieberman) ផងដែរ ដោយក្នុងនោះរុស្ស៊ីបានអំពាវនាវហើយអំពាវនាវទៀត ឲ្យប្រទេសអ៊ីស្រាអែលបញ្ឈប់ជាបន្ទាន់នូវការវាយប្រហារគ្រប់ទម្រង់ទាំងអស់ ទៅលើទឹកដីរបស់ប្រទេសស៊ីរី។ សម្រាប់ការឲ្យអ៊ីស្រាអែលជាអ្នកទទួលខុសត្រូវនេះ គឺរុស្ស៊ីចង់សំដៅទៅការបង្កហេតុរបស់យោធាអ៊ីស្រាអែល មកលើទឹកដីស៊ីរីដោយមិនបានប្រាប់រុស្ស៊ីជាមុន ដែលប្រការនេះហើយ ទើបបង្កឲ្យបញ្ហាទាំងឡាយផ្ទុះឡើងដូចពេលនេះ។
គួរបញ្ជាក់ថា បំណែករបស់យន្តហោះយោធារុស្ស៊ី Il-20 ត្រូវបានកងទ័ពរុស្ស៊ីជឿជាក់ថា ស្ថិតនៅក្នុងដែនសមុទ្រមេឌីទែរ៉ាណេ ចម្ងាយ ២៧គីឡូម៉ែត្រពីស្រុកបានីយ៉ាស (Banias) របស់ខេត្តឡាតាកៀ (Latakia) ដែលទើបត្រូវបានយន្តហោះអ៊ីស្រាអែល បាញ់ស្រោចមីស៊ីលកាលពីម្សិលមិញនេះ។ ដោយឡែកខាងយោធាស៊ីរីវិញ ជុំវិញការបាញ់ទម្លាក់យន្តហោះរុស្ស៊ី គឺមិនទាន់មានការចេញសេចក្តីថ្លែងការណ៍អ្វីឡើយ៕