(សិង្ហបុរី)៖ តំបន់មួយចំនួនធំនៅក្នុងប្រទេសសិង្ហបុរី បានដាច់ការផ្គត់ផ្គង់ចរន្តអគ្គិសនីជាងកន្លះម៉ោងនៅព្រឹកឈានចូលថ្ងៃអង្គារនេះ ដោយបង្កផលប៉ះពាល់យ៉ាងខ្លាំងដល់ប្រជាជន និងហាងទំនិញនានា។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅល្ងាចថ្ងៃអង្គារ ទី១៨ ខែកញ្ញា ឆ្នាំ២០១៨។
ជាមួយគ្នានោះ បើតាមអ្នកលេងបណ្ដាញទំនាក់ទំនងសង្គម ការដាច់ចរន្តអគ្គិសនីនេះបានចាប់ផ្ដើមនៅម៉ោង ១៖១៨នាទីព្រឹក ដោយបង្កផលប៉ះពាល់ចាប់ពីតំបន់ ជូរ៉ុង (Jurong) និងតំបន់ វូដឡេនដ៍ (Woodlands) រហូតដល់តំបន់ អាង ម៉ូគីអូ (Ang Mo Kio) និងតំបន់ បេដុក (Bedok)។ លើសពីនេះទៅទៀត អ្នកលេងក្នុងបណ្ដាញទំនាក់ទំនងសង្គមរស់នៅក្នុងតំបន់ សឹមបាវ៉ាង (Sembawang) ក៏បានអះអាងផងដែរថា នេះគឺជាការដាច់ចរន្តអគ្គិសនីជាលើក ដំបូងបំផុតដែលខ្លួនបានជួបក្នុងរយៈពេល ១០ឆ្នាំមកនេះ។
គួរបញ្ជាក់ថា ក្រុមហ៊ុនផ្គត់ផ្គង់អគ្គិសនី SP Group បានចេញមុខសូមទោស ជាមួយការសន្យាថា នឹងបើកការស៊ើបអង្កេតលើករណីដាច់ចរន្តអគ្គិសនីនេះ។ ក្រុមហ៊ុន បានបន្ថែមទៀតថា ចរន្តអគ្គិសនីត្រូវបានផ្គត់ផ្គង់ឡើងវិញនៅម៉ោង ១៖៥៦នាទី ពោលគឺ ៣៨នាទី ក្រោយដាច់ភ្លើង ប៉ុន្តែតំបន់ខ្លះមានអគ្គិសនីប្រើប្រាស់នៅម៉ោង ៣៖៣០នាទីព្រឹកឯណោះ ខណៈលំនៅដ្ឋាន និងហាងទំនិញ ឬអាគារពាណិជ្ជកម្មជាង ១៤៦,៧៩៧ខ្នង រងផលប៉ះពាល់។
ចំពោះបញ្ហាដាច់ភ្លើងនៅសិង្ហបុរី គឺត្រូវបានចាត់ទុកជារឿងភ្ញាក់ផ្អើលបំផុតមួយលើដីកោះនេះ ដោយសារតែវាកម្រកើតមានបំផុត នៅក្នុងប្រទេសសេដ្ឋកិច្ចរីកចំរើនខ្លាំងក្លាប្រចាំតំបន់អាស៊ីអាគ្នេយ៍មួយនេះ។ ប៉ុន្តែទោះបីជាប្រទេសនេះទំនើប និងបានវិនិយោគរាប់កោដដុល្លារលើហេត្ថារចនាសម្ព័ន្ធអគ្គិសនីយ៉ាងណាក៏ដោយ ក៏នៅតែមិនអាចគេចផុតពីករណីដាច់ចរន្តអគ្គិសនីនេះដែរ។ អ្វីដែលសំខាន់មកទល់ពេលនេះ អ្នកជំនាញមិនទាន់សន្និដ្ឋានបាន ១០០% ទេថាមូលហេតុបង្កបញ្ហាជាអ្វីនោះ៕