(វ៉ាស៊ីនតោន)៖ ក្រុមហ៊ុនអវកាសអាមេរិក SpaceX បានប្រកាសឲ្យដឹងថា កំពូលមហាសេដ្ឋីជនជាតិជប៉ុនម្នាក់ នឹងក្លាយជាអតិថិជនដំបូងបំផុតរបស់ខ្លួន នៅក្នុងការធ្វើដំណើរទេសចរណ៍ ឡើងទៅកាន់ឋានព្រះច័ន្ទ នៅលើគ្រាប់រ៉ុក្កែតជំនាន់ថ្មី របស់ក្រុមហ៊ុន ដែលកំពុងស្ថិតក្រោមការអភិវឌ្ឍ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃអង្គារ ទី១៨ ខែកញ្ញា ឆ្នាំ២០១៨។
លោក យ៉ាសូកា ម៉ាអេសាវ៉ា (Yusaku Maezawa) វ័យ ៤២ឆ្នាំ ដែលជាស្ថាបនិកវែបសាយលក់សម្លៀកបំពាក់តាមអនឡាញ ធំបំផុតនៅជប៉ុនឈ្មោះ ហ្សូហ្សូថោន (Zozotown) បានបង្ហើបឲ្យដឹងថា បើឆាប់បំផុតការធ្វើទេសចរណ៍ដ៏អស្ចារ្យនេះ អាចនឹងប្រព្រឹត្តទៅបាននៅឆ្នាំ២០២៣ ហើយរូបលោកនឹងអញ្ជើញអ្នកសិល្បៈពី ០៦រូប ទៅ ០៨រូប ដើម្បីឡើងទៅកាន់ឋានព្រះច័ន្ទជាមួយលោក ខណៈដែលមហាសេដ្ឋីរូបនេះ បានម៉ៅយកកៅអីធ្វើដំណើរទាំងអស់តែម្តង។
យ៉ាងណាមិញពុំមានការបញ្ជាក់នៅឡើយទេថា តើលោក Maezawa ដែលមានទ្រព្យសម្បត្តិជិត ០៣ពាន់លានដុល្លារ ត្រូវចាយលុយចំនួនប៉ុន្មាន ក្នុងការធ្វើទេសចរណ៍នៅក្រៅភពផែនដីបែបនេះ ប៉ុន្តែវាប្រាកដជាមិនតិចជាខ្ទង់លានដុល្លារនោះឡើយ។ សម្រាប់ការធ្វើដំណើរកម្សាន្តនេះ គឺមិនមែនជាការចុះចតដោយផ្ទាល់ នៅលើផ្ទៃព្រះច័ន្ទនោះឡើយ ដោយវាគ្រាន់តែជាការជិះក្រឡឹងឋានព្រះច័ន្ទប៉ុណ្ណោះ ប៉ុន្តែតើនរណាអាចនឹងស្មានដល់ទៅថា ជារឿងរំភើបកម្រិតណា?
បើគិតពីការឡើងទៅលើផ្ទៃព្រះច័ន្ទដោយផ្ទាល់នោះ គឺមានតែយាន Apollo របស់អង្គការ NASA ដែលមនុស្សទៅចុះចតចំនួនបីលើក នៅលើផ្ទៃព្រះច័ន្ទចាប់ផ្តើមកាលពីឆ្នាំ១៩៦៩។ ប៉ុន្តែសម្រាប់ការធ្វើដំណើរជាលក្ខណៈកម្សាន្តបែបឯកជននេះ មិនទាន់មានក្រុមហ៊ុន ឬអង្គការណាមួយមានមហិច្ឆតាធំ ដូចជា SpaceX ក្នុងការកំណត់ពេលវេលាជាក់លាក់ថា នឹងសម្រេចឲ្យបាននោះឡើយ។
គួរជម្រាបថា បើតាមលោក អេឡូន ម៉ាសក៍ (Elon Musk) ដែលជាស្ថាបនិក SpaceX គ្រាប់រ៉ុក្កែត Big Falcon Rocket ឬ BFR ដែលបច្ចុប្បន្នកំពុងស្ថិតក្រោមការអភិវឌ្ឍនៅឡើយ ហើយវានឹងត្រូវឆ្លងកាត់ការធ្វើតេស្តនាពេលប៉ុន្មានឆ្នាំខាងមុខនេះ នឹងក្លាយជាកម្លាំងរុញច្រានប្រកបដោយអានុភាពបំផុត និងប្រសិទ្ធភាពខ្ពស់ក្នុងការបញ្ជូនមនុស្ស និងយានចាកចេញពីភពផែនដី ព្រមទាំងសំដៅឆ្ពោះទៅជុំវិញឋានព្រះច័ន្ទ ហើយត្រឡប់មកវិញ៕