(ម៉ូស្គូ)៖ ករណីបាត់យន្តហោះយោធាខ្នាតធំរបស់រុស្ស៊ី រួមជាមួយមនុស្សនៅលើនោះ ១៤នាក់ នៅក្នុងដែនសមុទ្រមេឌីទែរ៉ាណេ បូករួមទាំងការបាញ់ស្រោចមីស៊ីលទៅលើ​ប្រទេសស៊ីរីបន្ថែមទៀតនោះ កំពុងក្លាយជាបញ្ហាយ៉ាងក្តៅគគុកជាថ្មីនៅតំបន់​មជ្ឈិមបូព៌ា ខណៈអាមេរិកចោទស៊ីរីថា ប្រព័ន្ធការពារដែនអាកាសស៊ីរី​​បានច្រឡំបាញ់​ទម្លាក់​យន្តហោះយោធារុស្ស៊ី ហើយរុស្ស៊ី​​ជាជនរងគ្រោះវិញបានចោទថា នាវាចម្បាំង​បារាំងឯណោះទេជាអ្នកបាញ់ទម្លាក់ និងស៊ីរី​បានចោទថា វាជាទង្វើរបស់​ប្រទេសអ៊ីស្រាអែល។ នេះបើតាម​ការដកស្រង់ការផ្សាយ​ចេញពីវែបសាយ CNN នាព្រឹក​ថ្ងៃអង្គារ ទី១៨ ខែកញ្ញា ឆ្នាំ២០១៨។

ហេតុការណ៍បាត់យន្តហោះរុស្ស៊ីខាងលើ បានកើតមានឡើង​ចំពេលដែលទីក្រុង ឡាតាកៀ (Latakia) ​របស់​​ស៊ីរី បានទទួលរងការវាយប្រហារ​ដោយ​មីស៊ីល​ជា​ច្រើន​គ្រាប់ពី​ផ្ទៃសមុទ្រ។ ​រដ្ឋាភិបាលស៊ីរី​បានចោទថា យន្តហោះចម្បាំង​អ៊ីស្រាអែល គឺជាអ្នកបាញ់ទម្លាក់​យន្តហោះនេះ ខណៈសហរដ្ឋអាមេរិក​​ដែលបាន​បដិសេធថា មិនមានជាប់ពាក់ព័ន្ធ​​នឹងការវាយប្រហារ​ ទៅលើទីក្រុងរបស់​ស៊ីរីនោះ​បានចោទថា ​យន្តហោះយោធា​របស់រុស្ស៊ី ត្រូវបានប្រព័ន្ធការពារ​ដែនអាកាសស៊ីរី បានបាញ់ទម្លាក់​ដោយយល់​ច្រឡំ។

បន្ថែមពីលើនេះរដ្ឋាភិបាលទីក្រុង​ម៉ូស្គូ​វិញ​បានឲ្យដឹងថា ខ្លួនចាប់បានសញ្ញា​បាញ់មីស៊ីល ចេញពីនាវាចម្បាំង​មួយគ្រឿងរបស់បារាំង នៅលើផ្ទៃសមុទ្រ​មេឌីទែរ៉ាណេ នៅ​ពេល​​យន្តហោះ​របស់ខ្លួន បានបាត់ដាន​ពីប្រព័ន្ធរ៉ាដា។

ងាកទៅខាងកងទ័ពរដ្ឋាភិបាលស៊ីរីវិញ​បានអះអាងថា មីស៊ីលចំនួន ២០គ្រាប់ ត្រូវបានបាញ់​ចេញពី​សមុទ្រ តម្រង់មកកាន់មូលដ្ឋានយោធា​ជាច្រើនកន្លែងនៅក្នុងខេត្ត ឡាតាកៀ (Latakia) កាលពីថ្ងៃចន្ទ ដោយបណ្ដាល​ឱ្យមនុស្ស ០៨នាក់រងរបួស ព្រមទាំងការ​ខូចខាតក៏ដូចជាបង្កឱ្យដាច់​ចរន្តអគ្គិសនី ដ៏សំខាន់នៅក្នុង​ទីក្រុងមួយនេះ​ផងដែរ។ បើទោះជា​មិនមានការបញ្ជា​ក់ថា ភាគីណាជាអ្នកនៅពីក្រោយ​ការវាយប្រហារនេះ​ក៏ដោយ ក៏ប៉ុន្តែប្រព័ន្ធ​ផ្សព្វផ្សាយស៊ីរី បានចោទប្រកាន់​លើអ៊ីស្រាអែល និងសហរដ្ឋអាមេរិក​ គឺជាអ្នកបើកការ​វាយប្រហារ​នេះ។

គួរជម្រាបថា យន្តហោះរុស្ស៊ី​​ប្រភេទ Il-20 មានផ្ទុកយោធា​ចំនួន ១៤នាក់ បានដាច់ការទាក់​ទង​ នៅពេល​កំពុង​ធ្វើដំណើរ​នៅ​លើ​ដែនសមុទ្រ​​មេឌីទែរ៉ាណេ ដែលស្ថិត​នៅចម្ងាយ​​ប្រហែល ៣៥គីឡូម៉ែត្រ ពីឆ្នេរ​​សមុទ្រ​​នៃ​ប្រទេសស៊ីរី ដើម្បីវិលត្រឡប់​​ទៅកាន់មូល​ដ្ឋាន​​​យោធា ហាមៃមីម (Hmeymim) ដែលនៅទីនោះ។ ហេតុការណ៍នេះមិនទាន់​មានការច្បាស់លាស់​នោះឡើយថា នរណា​ខ្លះជាអ្នក​ប្រព្រឹត្ត​ឡើង ខណៈភាគីស៊ីរី និងរុស្ស៊ី បានក្លាយ​ជាជនរងគ្រោះដូចគ្នា៕