(ប៉េកាំង)៖ ចានតេឡេស្កូបយក្សរបស់ចិន ដែលមានឈ្មោះកាត់ថា FAST នឹងចាប់ផ្តើមធ្វើប្រតិបត្តិការជាផ្លូវការ ក៏ដូចជាបើកទទួលស្វាគមន៍តារាវិទូចិន នៅឆ្នាំ២០១៩ ខាងមុខនេះហើយ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន CGTN នៅព្រឹកថ្ងៃអង្គារ ទី១៨ ខែកញ្ញា ឆ្នាំ២០១៨។
ថ្លែងក្នុងវេទិកាស្តីពីវិស័យតារាសាស្រ្តកាលពីថ្មីៗនេះ ប្រធានអ្នកវិទ្យាសាស្រ្តនៃគម្រោង FAST បានឲ្យដឹងថា តេឡេស្កូប FAST បានរកឃើញផ្កាយ Pulsar ថ្មីចំនួនដល់ទៅ ៤៤ដួង ចាប់តាំងតែពីវាបានចាប់ផ្តើមដំណើរការសាកល្បង កាលពីខែកញ្ញា ឆ្នាំ២០១៦មក ហើយ FAST កំពុងស្ថិតក្រោមការកែសម្រួលឲ្យកាន់តែប្រសើរឡើងថែមទៀត។
គួរជម្រាបថា FAST ដែលមានទីតាំងស្ថិតនៅខេត្ត គួយចូវ (Guizhou) ភាគនិរតីប្រទេសចិនត្រូវគេចាត់ទុកថា ជាចានតេឡេស្កូបតាមដានរលកវិទ្យុសញ្ញាដ៏មានអានុភាពជាងគេ និងធំបំផុតនៅលើពិភពលោក ដែលមានតម្លៃកសាងខ្ទង់ ២០០លានដុល្លារអាមេរិក។ តេឡេស្កូបយក្សនេះ ត្រូវបានប្រើប្រាស់ពេលវេលារហូតដល់ទៅ ០៥ឆ្នាំ ក្នុងការបញ្ចប់ដំណើរការសាងសង់ និងរយៈពីរឆ្នាំនៃការធ្វើដំណើរការសាកល្បងរហូតដល់ឆ្នាំ២០១៨នេះ។
សម្រាប់ការសង្កេតទៅលើ ពពួកតារា Pulsar គឺជាការងារដ៏សំខាន់មួយរបស់ FAST ដោយសារតែវា អាចប្រើប្រាស់ដើម្បីធ្វើការសិក្សាស្រាវជ្រាវ ទៅលើរលកទំនាញ Gravitational Wave និងប្រហោងខ្មៅ (Black Hole) ហើយអាចជួយក្នុងការដោះស្រាយចម្ងល់ធំៗជាច្រើនផ្សេងទៀត ក្នុងវិស័យតារាសាស្រ្ត ហើយក៏មានប្រយោជន៍ ក្នុងការវិភាគរកជីវិតអេលៀនផងដែរ៕