(សេអ៊ូល)៖ មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន នៅថ្ងៃអង្គារនេះ បានបង្កភាពភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយលោកបានចេញមកទទួល ប្រធានាធិបតីកូរ៉េខាងត្បូងលោក មូន ជែអ៊ីន ដោយផ្ទាល់នៅឯអាកាសយានដ្ឋានអន្តរជាតិទីក្រុងព្យុងយ៉ាង។ នេះបើតាមការចេញ ផ្សាយដោយទីភ្នាក់ងារសារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃអង្គារ ទី១៨ ខែកញ្ញា ឆ្នាំ២០១៨។
លោក គីម ជុងអ៊ុន និងលោក មូន ជែអ៊ីន បានចាប់ដៃគ្នាទៅវិញទៅមក ក្រោមទឹកញញឹម ខណៈប្រជាជនកូរ៉េទាំងពីររំពឹងថា ប្រទេសជាបងប្អូនបង្កើតទាំងពីរ អាចនឹងផ្សះផ្សាគ្នាឡើងវិញ។ លោក មូន ជែអ៊ីន បានធ្វើដំណើរទៅដល់ទីក្រុងព្យុងយ៉ាងនៅព្រឹកថ្ងៃអង្គារនេះ ដើម្បីចូលរួមក្នុងជំនួបកំពូលជាមួយមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ក្នុងគោលបំណងសម្របសម្រួល ឱ្យមានកិច្ចចរចាជាថ្មីម្ដងទៀតរវាងសហរដ្ឋអាមេរិក និងកូរ៉េខាងជើង។
លោក មូន ជែអ៊ីន បានជិះយន្ដហោះចាកចេញពីមូលដ្ឋានទ័ពអាកាស សឿងណាម (Seongnam) ក្នុងទីក្រុងសេអ៊ូលនៅម៉ោង ៨៖៤០នាទី ព្រឹកមិញនេះ ឆ្ពោះទៅកាន់ទីក្រុងព្យុងយ៉ាង ដោយនាំទៅជាមួយប្រតិភូ ១១០នាក់។ លោក មូន បានទៅដល់ទីក្រុងព្យុងយ៉ាងនៅម៉ោង ១០៖០០នាទីព្រឹក (ម៉ោងនៅក្នុងទីក្រុងព្យុងយ៉ាង)។
គួរជម្រាបថា នេះគឺជាជំនួបកំពូលលើកទី ៣ ហើយរវាងលោក មូន និងលោក គីម បន្ទាប់ពីអ្នកទាំងពីរធ្លាប់ជួបគ្នា ២លើក រួចមកហើយកាលពីខែមេសា និងខែឧសភា កន្លងទៅ។ មួយវិញទៀតបើតាមក្រុមមន្ត្រីកូរ៉េខាងត្បូង ការរំសាយអាវុធនុយក្លេអ៊ែរ ការស្វែងសន្ធិសញ្ញាបញ្ចប់សង្រ្គាមកូរ៉េ និងការសម្របសម្រួលឱ្យមានជំនួបជាថ្មីរវាងលោក ដូណាល់ ត្រាំ និងលោក គីម ជុងអ៊ុន គឺជារបៀបវារៈសំខាន់សម្រាប់ជំនួបកំពូលអន្តរកូរ៉េលើកទី ៣ នេះ៕