(ម៉ូស្គូ)៖ ក្រសួងការពារជាតិរុស្ស៊ីបានឲ្យដឹងថា យន្តហោះរុស្ស៊ីមួយគ្រឿង ដែលមានដឹកយោធាចំនួន ១៤នាក់ បានបាត់ដានចេញពីប្រព័ន្ធរ៉ាដា នៅក្បែរបន្ទាយទ័ពអាកាស ហាមៃមីម (Hmeymim) ក្នុងប្រទេសស៊ីរី។ នេះបើតាមការដកស្រង់ការផ្សាយចេញពី ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃអង្គារ ទី១៨ ខែកញ្ញា ឆ្នាំ២០១៨។
បើតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការពារជាតិរុស្ស៊ី កាលពីវេលាយប់ជ្រៅថ្ងៃចន្ទដើមសប្តាហ៍នេះយន្តហោះរុស្ស៊ីធុន Il-20 បានដាច់ការទាក់ទងនៅពេលកំពុងធ្វើដំណើរនៅលើដែនសមុទ្រមេឌីទែរ៉ាណេ ដែលស្ថិតនៅចម្ងាយប្រហែល ៣៥គីឡូម៉ែត្រ ពីឆ្នេរសមុទ្រនៃប្រទេសស៊ីរី ដើម្បីវិលត្រឡប់ទៅកាន់មូលដ្ឋានយោធា Hmeymim វិញ។
ភ្លាមៗនោះ បន្ទាយទ័ពអាកាស Hmeymim ក៏បានប្រតិបត្តិការរុករក និងជួយសង្រ្គោះផងដែរ៕