(ការ៉ាកាស់)៖ ប្រធានាធិបតីវេណេស៊ុយអេឡាលោក នីកូឡាស់ ម៉ាឌូរ៉ូ កំពុងរងការរិះគន់យ៉ាងខ្លាំង នៅលើបណ្ដាញទំនាក់ទំនងសង្គម បន្ទាប់ពីលោកបានទទួលទានសាច់គោ (steak) ដ៏ថ្លៃមួយ នៅឯភោជនីយដ្ឋាន សលត៍ ប៊ែ (Salt Bae) ក្នុងទីក្រុងអ៊ីស្ដង់ប៊ូល ខណៈប្រជាជនវេណេស៊ុយអេឡាកំពុងជួបវិបត្តិសេដ្ឋកិច្ច និងពិបាកក្នុងការរកទទួលទានប្រចាំថ្ងៃ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅព្រឹកថ្ងៃអង្គារ ទី១៨ ខែកញ្ញា ឆ្នាំ២០១៨។
ការរិះគន់ និងការខឹងសម្បារបានផ្ទុះឡើងក្រោយចុងភៅតួកគីដ៏ល្បីម្នាក់ គឺលោក នូស្រេត ហ្គុកសេ (Nusret Gokce) ដែលជាម្ចាស់ភោជនីយដ្ឋាន Salt Bae បានបង្ហោះវីដេអូមួយនៅលើ Instagram និង Twitter ដោយបង្ហាញថាលោក ម៉ាឌូរ៉ូ និងភរិយាគឺលោកស្រី ស៊ីលៀ (Cilia) កំពុងទទួលទានអាហារក្នុងអំឡុងពេលឈប់សំចតនៅទីក្រុងអ៊ីស្ដង់ប៊ូល ប្រទេសតួកគីបន្ទាប់ពីបំពេញទស្សនកិច្ចនៅប្រទេសចិន។
ក៏ប៉ុន្តែគ្រាន់តែវីដេអូនេះត្រូវបានបង្ហោះភ្លាម អ្នកលេងបណ្ដាញទំនាក់ទំនងសង្គម និងអ្នកនយោបាយប្រឆាំងនៅក្នុងប្រទេសវេណេស៊ុយអេឡា ដូចជាលោក ជូលីអូ ប័រហ្គែស (Julio Borges) បានរិះគន់លើលោក ម៉ាឌូរ៉ូ យ៉ាងខ្លាំងដោយចោទថា ប្រធានាធិបតីរូបនេះកំពុងសម្ញែងភាពហ៊ឺហា ក្នុងបរិបទដែលប្រជាជនវេណេស៊ុយអេឡាជាង ០២លាននាក់ ត្រូវបានគេរាយការណ៍ថា បានរត់ចេញទៅកាន់ប្រទេសក្បែរខាង ដើម្បីគេចពីភាពអត់ឃ្លាន និងវិបត្តិសេដ្ឋកិច្ចនៅក្នុងប្រទេសអាមេរិកឡាទីនមួយនេះ។
លោក Julio Borges បានលើកឡើងដូច្នេះថា «ខណៈប្រជាជនវេណេស៊ុយអេឡា កំពុងឈឺចាប់ និងស្លាប់ដោយសារភាពអត់ឃ្លាន លោក នីកូឡាស់ ម៉ាឌូរ៉ូ និងភារិយា Cilia បែរជារីករាយនឹងការទទួលទានអាហារថ្លៃកប់ពពក នៅក្នុងភោជនីយដ្ឋានលំដាប់ ពិភពលោកទៅវិញ ដោយចាយលុយដែលលួចពីប្រជាជនវេណេស៊ុយអេឡា»។
គួរបញ្ជាក់ថា បើតាមការសិក្សាស្រាវជា្រវមួយ ដោយសាកលវិទ្យាល័យក្នុងប្រទេសវេណេស៊ុយអេឡា ចេញផ្សាយកាលពីខែកុម្ភៈកន្លងទៅ ប្រជាជនវេណេស៊ុយអេឡា ០២ ភាគ ០៣ ស្រក់ទម្ងន់អស់ ១១គីឡូក្រាម កាលពីឆ្នាំ២០១៧ ហើយជាង ៨៧ភាគរយ រស់នៅក្រោមភាពក្រីក្រ៕