(អាមេរិក)៖ គ្រប់គ្នាកំពុងចោលភ្នែកទៅរកភពឆ្ងាយៗ ដែលស្ថិតនៅប្រព័ន្ធព្រះអាទិត្យមានចម្ងាយរាប់សិបឆ្នាំពន្លឺឡើងទៅពីភពផែនដី ហើយវាស្ទើរតែរកវិធីគ្មាននោះឡើយ នៅក្នុងការទៅឲ្យដល់ ឬមានឧបករណ៍ណាមួយ ដើម្បីសិក្សាលម្អិតអំពីភពទាំងអស់នោះ ឡើយ ប៉ុន្តែយើងភ្លេចគិតថា Proxima Centuari b ដែលស្ថិតនៅជិតផែនដីយើងបំផុត តែ ៤.២ឆ្នាំពន្លឺនេះ អាចនឹងកំពុងលាក់ជីវិតក្នុងទម្រង់ណាមួយក៏ថាបានដែរ។ នេះបើតាមការចេញផ្សាយដោយវែបសាយ Space នាល្ងាចថ្ងៃចន្ទ ទី១៧ ខែកញ្ញា ឆ្នាំ២០១៨។
ប្រព័ន្ធផ្កាយ Alpha Centauri ដែលមានផ្កាយភ្លោះបីនេះ ត្រូវបានក្រុមអ្នកវិទ្យាសាស្ត្ររកឃើញថា មានភពមួយគោចរនៅក្នុងចង្កោមនោះ ហើយភព Exo-planet ចំនួន ១ គឺមានឈ្មោះថា Proxima Centuari b ដែលមានទំហំធំជាងផែនដីយើងតែបន្តិចប៉ុណ្ណោះ ត្រូវបានរកឃើញនៅទីនោះកាលពីខែសីហា ឆ្នាំ២០១៦ និងត្រូវបានក្រុមតារាវិទូអះអាងទៀតថា ស្ថិតនៅក្នុងគន្លងត្រឹមត្រូវ (Habitable Zone) ពីផ្កាយមេរបស់វានោះគឺ Proxima Centauri ដែលមានទំហំតូចប្រហាក់ប្រហែលនឹងភពព្រហស្បតិ៍យើង ប៉ុន្តែវាមានពន្លឺពណ៌ក្រហមឆ្អិនឆ្អៅជាង។
តាមរយៈគណនាតាមប្រព័ន្ធកុំព្យូទ័រ ទៅលើគម្លាតរវាងភព Proxima Centuari b និងផ្កាយមេរបស់វានោះគេអាចស្មានបានថា មានវត្តមានទឹកនៅលើផ្ទៃរបស់វា ហើយប្រាកដណាស់នៅពេលមានទឹក និងពន្លឺចេញពីផ្កាយដ៏សមរម្យនោះ សារីរាង្គនៃជីវិតប្រាកដជាមានវត្តមាន ឬអាចកំពុងរីកដុះដាលក្នុងទម្រង់ណាមួយ នៅលើផ្ទៃភព ដែលស្ថិតនៅជិតផែនដីបំផុតនេះក៏ថាបានដែរ។
ជុំវិញការសង្ស័យខាងលើនេះ លោក Anthony Del Genio ជាអ្នកវិទ្យាសាស្ត្រមួយរូប មកពីវិទ្យាស្ថានសិក្សាអវកាស Goddard នៃអង្គការ NASA ប្រចាំទីក្រុងញូយ៉ក បានលើកឡើងថា «សារដ៏ធំធេង ដែលចេញមកពីការវិភាគរបស់យើងនាពេលនេះ គឺមានលទ្ធភាពដ៏សមស្របមួយបញ្ជាក់ថា ភពខាងលើនេះទំនងជាស្ថិតនៅក្នុងគន្លងត្រឹមត្រូវ...»។ ភព Proxima Centauri b មានទំហំ ១.៣ដង នៃទំហំផែនដីរបស់យើង ហើយវាគោចរមួយជុំផ្កាយមេវា (មួយឆ្នាំ) តែរយៈពេល ១១ថ្ងៃប៉ុណ្ណោះនៃពេលវេលាលើភពផែនដី។
សម្រាប់រយៈពេលគោចរខាងលើនេះ គឺមិនមែនជាបញ្ហានោះឡើយ ប៉ុន្តែអ្វីដែលសំខាន់នោះគឺគម្លាតរវាង Proxima Centauri b និងផ្កាយ Proxima Centauri ដែលត្រូវមានសមភាពរវាងពន្លឺ និងកម្តៅដែលជះលើភព ប្រៀបធៀបនឹងអ្វីដែលផែនដីយើង និងព្រះអាទិត្យមានចំពោះគ្នាទៅវិញទៅមក នោះទើបជីវិតមានក្តីសង្ឃឹមក្នុងការកកើតឡើងទៅរួច។
គួរបញ្ជាក់ថា ទោះបីជាលទ្ធផលខាងលើនេះ ហាក់ដូចផ្តល់ក្តីសង្ឃឹមច្រើនក្តី ក៏ការសិក្សាអ្វីៗនៅលើផែនដីរបស់យើង ដូចជាវត្តមាននៃមហាសមុទ្រលើផ្ទៃផែនដី និងបរិយាកាសផែនដី ដែលរងឥទ្ធិពលពីព្រះអាទិត្យនោះ នៅតែបន្តទៅមុនបន្ថែមទៀត ដើម្បីយកគំរូនេះទៅប្រៀបធៀបនឹងប្រព័ន្ធ Alpha Centauri នោះ។ សម្រាប់ចម្លើយដែលថាវាមានទឹក ឬអត់ ឬមួយក៏បរិយាកាសក្នុងកម្រិតណាមួយនោះ គឺត្រូវរង់ចាំតេឡេស្កូបជំនាន់ថ្មី ធ្វើការបាញ់បង្ហោះនារយៈពេលប៉ុន្មានឆ្នាំខាងមុខនេះសិន៕