(មីយ៉ាន់ម៉ា)៖ អ្នកទោសច្រើនជាង ៣០នាក់ ដែលបានរត់គេចចេញពីពន្ធនាគារមួយកន្លែងក្នុងប្រទេសមីយ៉ាន់ម៉ា និងប្រហែលជាកំពុងព្យាយាមឆ្លងដែនរត់ចូលទៅក្នុងទឹកដីថៃ។ នេះបើតាមមន្ត្រីមីយ៉ាន់ម៉ា ដកស្រង់ដោយសារព័ត៌មាន Channel News Asia នៅរសៀលថ្ងៃចន្ទ ទី១៧ ខែកញ្ញា ឆ្នាំ២០១៨។
យោងតាមលោកស្រី ឃីន ថេត ម៉ា (Khin Thet Mar) ជាមន្ត្រីម្នាក់នៅក្នុងតំបន់ អ្នកទោសអស់ខាងលើបានរត់គេចចេញពន្ធនាគារ ហាផាអាន (Hpa-An) ស្ថិតនៅ ក្នុងរដ្ឋ ការែន (Karen) ភាគខាងកើតប្រទេសមីយ៉ាន់ម៉ា ជាប់ព្រំដែនជាមួយប្រទេសថៃ។ មន្ត្រីរូបនេះបន្ថែមថា អ្នកទោស ១០នាក់ ក្នុងចំណោម ៤១
នាក់ត្រូវបានចាប់ខ្លួនមកវិញ ខណៈអាជ្ញាធរកំពុងរឹតបន្តឹងសន្តិសុខនៅតាមភូមិជាច្រើន ដែលស្ថិតនៅក្បែរពន្ធនាគារនោះ។
«ពួកអ្នកទោសទាំងនោះអាចនឹងព្យាយាមឆ្លងដែនចូលទៅក្នុងទឹកដីថៃ ប៉ុន្តែយើងនឹងប្រើប្រាស់គ្រប់មធ្យោបាយ ដើម្បីតាមចាប់ខ្លួនពួកគេមកវិញ»។ នេះគឺជាការគូសបញ្ជាក់របស់លោកស្រី Khin Thet Mar។
គួរបញ្ជាក់ថា អ្នកទាំង ៤១នាក់ខាងលើមាន ២៩នាក់ ត្រូវបានកាត់ទោសជាស្ថាពរ និង ១២នាក់ កំពុងប្រឈមមុខនឹងសវនាការកាត់ទោស។ ពួកគេទាំងនេះ បានហែកគុកកាលពីព្រឹកថ្ងៃអាទិត្យម្សិលមិញ ដោយទាញអ្នកបើករថយន្ដដឹកសម្រាមម្នាក់ ចេញពីលើរថយន្ដ ហើយបើកទំលាយទ្វាររត់ចេញតែម្ដង ចំណែកឯរថយន្ដនេះត្រូវបានពួកគេយកទៅផ្លុងចោលនៅចំងាយ ២០០គីឡូម៉ែត្រ ពីផ្លូវឆ្ពោះទៅកាន់ព្រំដែនថៃ៕