(សេអ៊ូល)៖ ប្រធានាធិបតីកូរ៉េខាងត្បូងលោក មូន ជែអ៊ីន និងមេដឹកនាំកំពូលកូរ៉េខាងជើងលោក គីម ជុងអ៊ុន ត្រូវជួបគ្នាជាថ្មីម្ដង ទៀតក្នុងកិច្ចប្រជុំកំពូលអន្តរកូរ៉េលើកទី ៣ ដែលគ្រោងនឹងធ្វើឡើងរយៈពេល ០៣ថ្ងៃ ក្នុងទីក្រុងព្យុងយ៉ាង ដោយចាប់ផ្ដើមពីថ្ងៃអង្គារស្អែកនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃចន្ទ ទី១៧ ខែកញ្ញា ឆ្នាំ២០១៨។
ជាមួយគ្នានោះដែរ បើតាមអ្នកនាំពាក្យវិមានប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជែអ៊ីន នឹងធ្វើដំណើរតាមជើងយន្ដហោះដោយផ្ទាល់ ឆ្លងកាត់ព្រំដែនអន្តរកូរ៉េ ហើយលោក មូន ត្រូវបានគេរំពឹងថា នឹងទៅដល់ទីក្រុងព្យុងយ៉ាងនៅម៉ោង ១០៖០០នាទីព្រឹកថ្ងៃអង្គារស្អែកនេះ (ម៉ោងនៅក្នុងតំបន់)។ អ្នកនាំពាក្យដដែល បញ្ជាក់ទៀតថា ការចរចាស្ដីពីការរំសាយអាវុធនុយក្លេអ៊ែរនៅលើឧបទ្វីបកូរ៉េ និងការស្វែងរកសន្ធិសញ្ញាបញ្ចប់សង្រ្គាមកូរ៉េ នឹងក្លាយជារបៀបវារៈសំខាន់ សម្រាប់មេដឹកនាំទាំងពីរលើកមកពិភាក្សា។
គួរជម្រាបថា លោក មូន និងលោក គីម ធ្លាប់ជួបគ្នាពីរដងរួចមកហើយគឺ កាលពីថ្ងៃទី២៧ ខែមេសា និងថ្ងៃទី២៦ ខែឧសភាកន្លងទៅ មិនតែប៉ុណ្ណោះលោក មូន នឹងក្លាយប្រធានាធិបតីកូរ៉េខាងត្បូងដំបូងគេ ដែលយកជើងជាន់ទីក្រុងព្យុងយ៉ាង ក្នុងរយៈពេលជាង ១០ឆ្នាំ មកនេះ៕