(ម៉ានីល)៖ អាជ្ញាធរហ្វីលីពីននៅថ្ងៃចន្ទនេះបានឱ្យដឹងថា ចំនួនអ្នកស្លាប់បានកើនឡើងដល់ ៦៥នាក់ ក្រោយព្យុះទីហ្វុង មាំងឃុត (Mangkhut) បានវាយប្រហារលើកោះ លូហ្សុន (Luzon) នៃភាគខាងជើងប្រទេសហ្វីលីពីនកាលពីថ្ងៃអាទិត្យ ខណៈការខូចខាតត្រូវបានគេព្យាករថា អាចនឹងមានទំហំធំធេងឥតគណនា។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅរសៀលថ្ងៃចន្ទ ទី១៧ ខែកញ្ញា ឆ្នាំ២០១៨។
យោងតាមអាជ្ញាធរហ្វីលីពីន ជនរងគ្រោះភាគច្រើនត្រូវបានគេរាយការណ៍ថាស្ថិតនៅឯតំបន់រដ្ឋបាល CAR និងមួយចំនួនទៀតនៅខេត្ត ណួវ៉ា វីសកាយ៉ា (Nueva Vizcaya) និងខេត្ត អ៊ីឡូខូស (Ilocos) នៃភាគខាងជើងប្រទេសហ្វីលីពីន។ មិនតែប៉ុណ្ណោះប្រជាជនហ្វីលីពីនយ៉ាងហោចណាស់ ២៥០,០០០នាក់ ក៏កំពុងទទួលរងផលប៉ះពាល់ពីព្យុះ Mangkhut នេះផងដែរ ស្របពេលផ្ទៃដីស្រួវដែលមានត្រូវបានគេគណនាថាមានទម្ងន់ ២៥០,៧៣០តោន បានរងការផ្លិចបំផ្លាញយ៉ាងដំណុំ។ ប៉ុន្តែ អ្វីដែលគួរឱ្យកត់សម្គាល់ គឺក្រុមអាជ្ញាធរកំពុងព្រួយបារម្ភខ្លាចក្រែងចំនួនអ្នកស្លាប់អាចនឹងកើន ឡើងច្រើងជាង ១០០នាក់។
គួរជម្រាបថា បច្ចុប្បន្នព្យុះ Mangkhut បានធ្វើដំណើរឆ្ពោះទៅកាន់ភាគខាងត្បូងប្រទេសចិនហើយ ដោយបានផ្ដាច់យកអាយុ ជីវិតមនុស្ស ០៤នាក់។ Mangkhut ដែលជាព្យុះខ្លាំងក្លាទី ១៥ នៅក្នុងឆ្នាំ២០១៨នេះ បានវាយប្រហារលើប្រទេសហ្វីលីពីន ហើយបើតាមតួលេខពីអាជ្ញាធរប្រទេសដីកោះនេះ ហ្វីលីពីនតែងតែរងគ្រោះដោយសារតែខ្យល់ព្យុះ យ៉ាងតិចចំនួន ២០លើកក្នុងមួយឆ្នាំៗ៕