(វ៉ាស៊ីនតោន)៖ ស្ត្រីម្នាក់ដែលបានចោទប្រកាន់ បេក្ខភាពចៅក្រមតុលាការកំពូលអាមេរិករបស់ លោក ដូណាល់ ត្រាំ គឺលោក ប្រេត កាវ៉ាណហ្វ (Brett Kavanaugh) ថា បានប្រព្រឹត្តអំពើរលោភបំពានផ្លូវភេទលើរូបនាង បានបញ្ជាក់អត្តសញ្ញាណរបស់ខ្លួនឯងហើយ ជាមួយការស្នើឱ្យ តំណាងរាស្ត្រមកពីគណបក្សប្រជាធិបតេយ្យ រារាំងការតែងតាំងលោក Brett ជាចៅក្រមតុលាការកំពូល។ នេះបើតាមការចេញ ផ្សាយដោយសារព័ត៌មាន BBC នៅរសៀលថ្ងៃចន្ទ ទី១៧ ខែកញ្ញា ឆ្នាំ២០១៨។
លោកស្រី Christine Blasey Ford ដែលបច្ចុប្បន្នមានវ័យ ៥១ឆ្នាំ និងជាសាស្ត្រាចារ្យមួយរូបមកពីសាកលវិទ្យាល័យ ផាឡូ អាល់តូ (Palo Alto University) បានប្រាប់សារព័ត៌មាន Washington Post កាលពីថ្ងៃអាទិត្យ (ម៉ោងនៅសហរដ្ឋអាមេរិក) លោក Kavanaugh ធ្លាប់បានផ្ដួលលោកស្រីទៅលើគ្រែ ហើយប៉ុនប៉នដោះសម្លៀកបំពាក់របស់លោកស្រី នៅពេលអ្នកទាំងពីរស្ថិតនៅក្នុងវ័យជាយុវជន-យុវតី។
លោកស្រី Christine បន្ថែមថា ហេតុការណ៍នេះបានកើតឡើងក្នុងពិធីជួបមិត្តរួមថ្នាក់ ក្នុងផ្ទះមួយកន្លែងនៅអំឡុងឆ្នាំ១៩៨២ ពោលគឺនៅពេលលោកស្រីនៅមានវ័យ ១៥ឆ្នាំ និងលោក Kavanaugh មានអាយុ ១៧ឆ្នាំ។ ក៏ប៉ុន្តែបេក្ខភាពចៅក្រមតុលាការកំពូល រូបនេះបានច្រានចោលរាល់ការចោទប្រកាន់របស់លោកស្រី Christine។
គួរជម្រាបថា គណកមា្មធិការប្រឹក្សាច្បាប់ (Judiciary Committee) នៃព្រឹទ្ធសភាអាមេរិក នឹងត្រូវបោះឆ្នោតនៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះថា តើគួរតែអនុម័តលើការតែងតាំងលោក Kavanaugh និងបញ្ជូនបន្តទៅឱ្យព្រឹទ្ធសភាទាំងមូលបោះឆ្នោតអនុម័ត ឬក៏យ៉ាងណា៕