(ស៊ីដនី)៖ ដំណាំប្រកបដោយសក្តានុពល និងជានិមិត្តរូបមួយផងដែរសម្រាប់ប្រទេសអូស្ត្រាលីនោះ ពេលនេះកំពុងតែទទួលរងគ្រោះយ៉ាងដំណំហើយ ក្រោយពីមានសេចក្តីរាយការណ៍ពីអ្នកចែកចាយ និងបរិភោគទូទាំងប្រទេសថា ពួកគេបានប្រទះឃើញម្ជុលបង្កប់ក្នុងផ្លែឈើប្រភេទនេះស្រស់ៗតែម្តង។ នេះបើតាមការចេញផ្សាយដោយ ស៊ីនហួរ នាព្រឹកថ្ងៃចន្ទ ទី១៧ ខែកញ្ញា ឆ្នាំ២០១៨។
ជុំវិញបញ្ហាដ៏គួរឲ្យព្រួយបារម្ភ និងចម្លែកខាងលើនេះ រដ្ឋមន្ត្រីសុខាភិបាលអូស្ត្រាលីលោក ក្រេក ហាន់ត៍ (Greg Hunt) បានចេញមុខបញ្ជាឲ្យមន្ត្រីមានសមត្ថកិច្ច ចេញធ្វើការស៊ើបអង្កេតរកមូលហេតុពិតប្រាកដ អំពីការរកឃើញម្ជុលដេរ និងម្ជុលខ្ទាស់នៅក្នុងផែស្ត្ររប៊ឺរីនៅទូទាំងប្រទេសតែម្តង ខណៈក្រុមហ៊ុនដែលចែកចាយផល្លានុផលស្ត្ររប៊ឺរីល្បីៗពេលនេះ គឺមានចំនួន០៦។
នៅពេលនេះប៉ូលិសកំពុងតែចាប់ផ្តើមធ្វើការស៊ើបអង្កេតហើយ ដោយតំណាក់ដំបូងគេបានសន្និដ្ឋានថា បុគ្គលិកមួយចំនួនដែលមិនសប្បាយចិត្តនឹងការងារ ឬក៏កើតមានបញ្ហាផ្លូវចិត្តនោះ ទំនងជាស្ថិតនៅពីក្រោយការបង្កគ្រោះថ្នាក់ដល់អ្នកបរិភោគ តាមរយៈទង្វើដ៏សាហាវខាងលើនេះ។ បន្ថែមពីនេះអង្គការសុវត្ថិភាពចំណីអាហារអូស្ត្រាលី-នូវែលសេឡង់ ដែលហៅកាត់ថា FSANZ ត្រូវបានស្នើឲ្យចេញមុខដោះស្រាយបញ្ហានេះជាមួយនឹងអាជ្ញាធរអូស្ត្រាលី ដើម្បីតាមដានរកមូលហេតុពិតប្រាកដ។
គួរបញ្ជាក់ថា រដ្ឋមន្ត្រីក្រសួងសុខាភិបាលអូស្ត្រាលី បានអំពាវនាវឲ្យមហាជនមានភាពស្ងប់ស្ងាត់ និងរង់ចាំលទ្ធផលនៃការស៊ើបអង្កេត ហើយអាជ្ញាធរសន្យាការពារសុខសុវត្ថិភាពជាសាធារណៈតែម្តង។ លោកបានបន្ថែមថា ការប្រព្រឹត្តបទល្មើស តាមរយៈការយកម្ជុលចាក់ចូលផ្លែស្ត្ររប៊ឺរីនេះ ច្បាស់ណាស់ថា មានគោលដៅបំផ្លាញមុខមាត់នៃវិស័យកសិកម្មអូស្ត្រាលី និងអតិថិជនរបស់យើង៕