(អាមេរិក)៖ មនុស្សសរុប ១៧នាក់ ហើយបានស្លាប់ និងរាប់សែនអ្នកគ្មានអគ្គិសនីប្រើប្រាស់ ដោយសារតែព្យុះហឺរីខិន Florence ដែលបាននិងកំពុងវាយប្រហារបណ្តារដ្ឋស្ថិតនៅតំបន់ឆ្នេរភាគខាងកើតសហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅព្រឹកថ្ងៃចន្ទ ទី១៧ ខែកញ្ញា ឆ្នាំ២០១៨។
អាជ្ញាធរអាមេរិកបានឱ្យដឹងទៀតថា ភ្លៀងលាយឡំជាមួយខ្យល់បោកបក់យ៉ាងសន្ធប់បានបង្កជាគ្រោះទឹកជំនន់ ហើយបើទោះជាព្យុះដ៏កំណាចនេះថមថយឥទ្ធិពលទៅជាព្យុះត្រូពិកវិញក៏ដោយ ប៉ុន្តែមហន្តរាយខ្លាំងក្លា នៅតែស្ថិតចំពោះមុខដដែល។ ដោយឡែកអ្នកស្លាប់ ១១នាក់ ត្រូវបានគេរាយការណ៍ស្ថិតនៅក្នុងរដ្ឋ ណតស៍ ខារ៉ូលីណា (North Carolina) និង០៦នាក់នៅរដ្ឋ សោតស៍ ខារ៉ូលីណា (South Carolina)។
ព្យុះហឺរីខិន Florence ដែលត្រូវបានចាត់ចូលក្នុងកម្រិត ១ នោះបានមកដល់តំបន់ឆ្នេរភាគខាងកើតសហរដ្ឋអាមេរិក កាលពីព្រឹកថ្ងៃសុក្រ (ម៉ោងនៅទីក្រុងវ៉ាស៊ីនតោន) ហើយបន្ទាប់មកក៏បានថយឥទ្ធិពលមកត្រឹមព្យុះត្រូពិចវិញ ដែលបានបង្កការបំផ្លិចបំផ្លាញយ៉ាងដំណំនៅរដ្ឋចំនួនពីរគឺ North Carolina និង South Carolina ដូចជាការបាក់ដើមឈើ អគារ-លំនៅឋានបាក់រលំ ប្រជាជនជាច្រើនត្រូវជាប់គាំង និងអគារ-លំនៅឋានជាច្រើនខ្នងគ្មានអគ្គិសនីប្រើប្រាស់នោះឡើយ មកទល់នឹងអាទិត្យ (ម៉ោងនៅវ៉ាស៊ីនតោន)។
គួរបញ្ជាក់ថា ព្យុះកំណាច Florence បានបង្ខំឲ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសទៅរកកន្លែងមានសុវត្ថិភាព ខណៈលំនៅឋានសរុបក៏ជាង ១លានខ្នងដាច់គ្មានអគ្គិសនីប្រើប្រាស់។ ភ្លៀងធ្លាក់យ៉ាងសន្ធប់នៅតែបន្តកើតមាន ដែលកំពុងបង្កជាគ្រោះទឹកជំនន់ និងការរអិលបាក់ដីនៅតាមតំបន់មួយចំនួនក្នុងរដ្ឋទាំងពីរខាងលើនេះ។
បន្ថែមពីនេះទៀត បណ្តារដ្ឋមួយចំនួនដូចជា Georgia, South Carolina, North Carolina, Virginia និង Maryland, ក៏ដូចជារដ្ឋធានី Washington D.C. ផងដែរប្រកាសដាក់រដ្ឋក្នុងគ្រាអាសន្ន ដោយសារតែព្យុះហឺរីខិនកំណាច Florence នេះ៕