(ប៉េកាំង)៖ ការបាត់ខ្លួនយ៉ាង​អាថ៌កំបាំងរបស់​កំពូលតារា​សម្ដែងចិន អ្នកនាង ហ្វាន ពីងពីង (Fan Bingbing) នៅតែជាមន្ទិល​សង្ស័យសម្រាប់អ្នក​គំាទ្ររបស់អ្នកនាង ខណៈមានពាក្យ​ចរចាមអារ៉ាម​ជាច្រើនថា កំពូលតារា​សម្ដែងរូបនេះ​ត្រូវបាន​អាជ្ញាធរចិនចាប់ខ្លួន​ពីបទគេចពន្ធ។ នេះបើតាម​ការចេញផ្សាយ​ដោយសារព័ត៌មាន CNN នៅព្រឹកថ្ងៃចន្ទ ទី១៧ ខែកញ្ញា ឆ្នាំ២០១៨។

អ្នកនាង Fan Bingbing មិនបានបង្ហាញ​ខ្លួនជាសាធារណៈ​ តាំងតែពីខែមិថុនា​មកម្ល៉េះ ពោលគឺបន្ទាប់ពីអ្នក​នាងបានបង្ហោះ​រូបភាព នៅលើបណ្ដាញ​ទំនាក់ទំនងសង្គម​ថា អ្នកនាងបានធ្វើដំណើរ​ទៅកាន់មន្ទីរពេទ្យ​កុមារមួយ​កន្លែង ស្ថិតនៅក្នុង​តំបន់ទីបេ។ បន្ថែមពីលើ​នេះ អត្ថបទមួយចុះ​ផ្សាយដោយប្រព័ន្ធផ្សព្វ​ផ្សាយរដ្ឋ Securities Daily កាលពីថ្ងៃទី០៦ ខែកញ្ញា ហើយដែល​ក្រោយមកត្រូវបាន លុបចោល​វិញភ្លាមៗ​បានអះអាងថា អ្នកនាង Fan កំពុងស្ថិតនៅ​ក្រោមការឃ្លាំមើល​របស់អាជ្ញាធរចិន និងកំពុងប្រឈមមុខការកាត់ទោស​ពីបទ​គេចពន្ធ។

ប៉ុន្តែយ៉ាងណាក៏ដោយ មកទល់នឹង​ពេលនេះ មិនទាន់មាន​ការ​ចេញផ្សាយព័ត៌មានណាមួយ ពាក់ព័ន្ធនឹងទីកន្លែង​ដែល​អ្នកនាង Fan កំពុងស្ថិតនៅ ឬក៏អាចមានសាលក្រមកាត់ទោសណាមួយ បានកាត់​ទោសនាងរួចទៅហើយ​នោះនៅឡើយទេ។

គួរបញ្ជាក់ថា ឆ្នាំ២០១១ សិល្បៈករដ៏ល្បីម្នាក់ គឺលោក អៃ វៃវៃ (Ai Weiwei) ត្រូវបានអាជ្ញាធរ​ចិន​ឃុំខ្លួនរយៈពេលជិត ០៣ខែ ក្រោយមាន​សេចក្ដីរាយការណ៍​ថា លោកបានបាត់ខ្លួន​ដោយ​អាថ៌កំបាំង។ ប៉ុន្តែ ក្រោយមក​លោកត្រូវបានដោះលែង​ឱ្យមានសេរីភាព​ឡើងវិញ បន្ទាប់ពីលោក​​យល់ព្រមចុះហត្ថលេខាផ្ដល់សម្បទាន​ ឱ្យអាជ្ញាធរដែលចោទថា លោកគេចវេស​មិនបង​ពន្ធ៕