(ម៉ាឌ្រីត)៖ នាយករដ្ឋមន្ត្រី​អេស្ប៉ាញ​លោក ផេដ្រូ សាច់ឆែស (Pedro Sanchez) បាននិយាយថា ទំនាក់ទំនងទាំង​អស់រវាងអេស្ប៉ាញ និង​អារ៉ាប៊ីសាអូឌីត អាចនឹងត្រូវ​រង្គោះរង្គើរ បើសិនជាទីក្រុងម៉ាឌ្រីត​មិនព្រមលក់បរិក្ខាយោធា​ឱ្យទីក្រុងរីយ៉ាដ តាមការសន្យា​ទេនោះ។ នេះបើតាមការចេញ​ផ្សាយដោយ​សារព័ត៌មាន Sputnik នៅព្រឹកថ្ងៃចន្ទ ទី១៧ ខែកញ្ញា ឆ្នាំ២០១៨។

លោក Sanchez បានគូសបញ្ជាក់​ប្រាប់អ្នកសារព័ត៌មាន​យ៉ាងដូច្នេះថា «រដ្ឋាភិបាល​អេស្ប៉ាញ​បច្ចុប្បន្ន អាចនឹងត្រូវ​ប្រឈមមុខ​នឹងការ​ផ្ដាច់រាល់ទំនាក់ទំនង​ទាំងអស់​ ក្នុងនោះរួម​មានទាំង ពាណិជ្ជកម្ម សេដ្ឋកិច្ច និងនយោបាយ​ជាមួយ​អារ៉ាប៊ីសាអូឌីត បើសិនជា​កិច្ចសន្យា របស់រដ្ឋាភិបាល​មុនជាមួយអារ៉ាប៊ីសាអូឌីត​ ត្រូវបាន​លុបចោល»

គួរបញ្ជាក់ថា ការលើកឡើង​របស់លោក Pedro Sanchez ធ្វើឡើង​​បន្ទាប់​ពីមាន​សេចក្ដីរាយការណ៍​ កាលពីខែកញ្ញា​កន្លងទៅនេះថា អេស្ប៉ាញអាច​នឹងលុបចោល​គំរោងលក់គ្រាប់បែក​ បំពាក់ប្រព័ន្ធ​ឡាស៊ែរជាង ៤០០គ្រាប់ ឱ្យទីក្រុងរីយ៉ាដ ដោយសារតែ​ការរិះគន់ យ៉ាងខ្លំាងពី​សំណាក់ក្រុមអង្គការសិទ្ធិ​មនុស្សជុំវិញប្រតិបត្តិការ​យោធារបស់​អារ៉ាប៊ីសាអូឌីត នៅក្នុងប្រទេស​យ៉េមែន។ អារ៉ាប៊ីសាអូឌីត និងអេស្ប៉ាញ​បានចុះកិច្ចព្រមព្រៀង​ លើការទិញគ្រាប់បែក​នេះកាលពី​ឆ្នាំ២០១៥៕