(ប៉េកាំង)៖ ស្ថានីយទូរទស្សន៍​រដ្ឋចិននាពេល​ថ្មីៗនេះ បានចេញផ្សាយ​នូវកម្មវិធីមួយ បង្ហាញ​ពីវិធីសាស្ត្រដែលក្រុមមន្ត្រីចារកម្ម​តៃវ៉ាន់ ប្រើប្រាស់ក្នុងការ​ទាក់ទាញចិត្តនិស្សិត​ចិន ដែលកំពុងសិក្សា​នៅកោះ​តៃវ៉ាន់ ដើម្បីអាចជ្រើស​រើសពួកគេជា​ទីភ្នាក់ងារស៊ើបការណ៍​សំងាត់ ប្រឆាំង​នឹងទីក្រុង​ប៉េកាំង។ នេះបើតាម​ការចេញផ្សាយ​ដោយសារព័ត៌មាន Sputnik នៅព្រឹកថ្ងៃចន្ទ ទី១៧ ខែកញ្ញា ឆ្នាំ២០១៨។

សារព័ត៌មាន Sputnik ដោយផ្អែកលើ​ការចុះផ្សាយរបស់សារព័ត៌មានអង់គ្លេស the Guardian បានបញ្ជាក់​ទៀតថា ទីភ្នាក់ងារ​ចារកម្ម​តៃវ៉ាន់​បានប្រើប្រាស់​វិធីទាក់ទាញចិត្ត​និស្សិតចិន​ ជាមួយការផ្ដល់​លុយកាក់ ស្នេហា និងមិត្តភាព​ជាដើម។ លើសពីនេះ​ទៅទៀត អាជ្ញាធរចិន ក៏បានចោទ​ប្រកាន់កោះតៃវ៉ាន់​ផងដែរថា កំពុងប្រឹងប្រែងលួច​ព័ត៌មានសំងាត់​របស់ចិន ក្នុងគោល​បំណងបង្ក​ចលាចល និងគំរាមកំហែង​រដ្ឋាភិបាលទីក្រុង​ប៉េកាំង។

គួរជម្រាបថា​ កាលពី​ឆ្នាំ២០១៧ អាជ្ញាធរតៃវ៉ាន់ធ្លាប់​បានកាត់ទោស​និស្សិតចិនម្នាក់​ ដាក់ពន្ធនាគារ ពីបទបង្កើត​បណ្ដាញ​ចារកម្ម នៅលើកោះ​តៃវ៉ាន់ និងប្រើប្រាស់​ទំនាក់ទំនងរបស់ខ្លួន​នៅក្នុងសាលារៀន និងស្ថាប័នមួយ​របស់រដ្ឋាភិបាល​តៃវ៉ាន់ ដើម្បីប្រមូល​​​ព័ត៌មាន​សំងាត់។ តែយ៉ាងណា​ក៏ដោយ និស្សិតចិន​នៅតែត្រូវបាន​អនុញ្ញាតឱ្យបន្ត​ការសិក្សា​នៅកោះតៃវ៉ាន់​ដដែល ចាប់តាំងពី​ឆ្នាំ​២០០៩ មកម្ល៉េះ៕