(អាមេរិក)៖ មនុស្សសរុប១៣នាក់ហើយបានស្លាប់ ដោយសារតែព្យុះហឺរីខិន Florence ដែលបាននិងកំពុងវាយប្រហារបណ្តារដ្ឋ ស្ថិតនៅតំបន់ឆ្នេរភាគខាងកើតសហរដ្ឋអាមេរិក ខណៈអាជ្ញាធរអះអាងថា ភ្លៀងលាយឡំជាមួយខ្យល់បោកបក់យ៉ាងសន្ធប់ កំពុងតែអុកឡុកពាសពេញក្នុងតំបន់នេះតែម្តង ខណៈឈានចូលដល់ថ្ងៃអាទិត្យ វាបានបន្ថយឥទ្ធិពលទៅជាព្យុះត្រូពិកវិញ ប៉ុន្តែមហន្តរាយខ្លាំងក្លា នៅតែស្ថិតចំពោះមុខដដែល។ នេះបើតាមការចេញផ្សាយដោយ វែបសាយ CNN នាល្ងាចថ្ងៃអាទិត្យ ទី១៦ ខែកញ្ញា ឆ្នាំ២០១៨។
ព្យុះហឺរីខិន Florence ដែលត្រូវបានចាត់ចូលក្នុងកម្រិត ១ នោះ បានមកដល់តំបន់ឆ្នេរភាគខាងកើតសហរដ្ឋអាមេរិក កាលពីព្រឹកថ្ងៃសុក្រ (ម៉ោងនៅទីក្រុងវ៉ាស៊ីនតោន) ហើយបន្ទាប់មកក៏បានថយឥទ្ធិពលមកត្រឹមព្យុះត្រូពិចវិញ ដែលបានបង្កការបំផ្លិចបំផ្លាញយ៉ាងដំណំ នៅរដ្ឋចំនួនពីរគឺ North Carolina និង South Carolina ដូចជាការបាក់ដើមឈើ អគារ-លំនៅឋានបាក់រលំ ប្រជាជនជាច្រើនត្រូវជាប់គាំង និងអគារ-លំនៅឋានជាច្រើនខ្នងគ្មានអគ្គិសនីប្រើប្រាស់នោះឡើយ មកទល់នឹងថ្ងៃសៅរ៍ (ម៉ោងនៅវ៉ាស៊ីនតោន)។
គួរបញ្ជាក់ថា ព្យុះកំណាច Florence បានបង្ខំឲ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសទៅរកកន្លែងមានសុវត្ថិភាព ខណៈលំនៅឋានសរុបក៏ជាង ១លានខ្នងដាច់គ្មានអគ្គិសនីប្រើប្រាស់។ ភ្លៀងធ្លាក់យ៉ាងសន្ធប់នៅតែបន្តកើតមាន ដែលកំពុងបង្កជាគ្រោះទឹកជំនន់ និងការរអិលបាក់ដីនៅតាមតំបន់មួយចំនួនក្នុងរដ្ឋទាំងពីរខាងលើនេះ។
បន្ថែមពីនេះទៀត បណ្តារដ្ឋមួយចំនួនដូចជា Georgia, South Carolina, North Carolina, Virginia និង Maryland, ក៏ដូចជារដ្ឋធានី Washington D.C. ផងដែរប្រកាសដាក់រដ្ឋក្នុងគ្រាអាសន្ន ដោយសារតែព្យុះហឺរីខិនកំណាច Florence នេះ៕