(ម៉ានីល)៖ ព្យុះទីហ្វុង Mangkhat ដ៏មានឥទ្ធិពលខ្លាំងក្លានោះ បានបង្កការបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរដ៏ហេដ្ឋារចនាសម្ព័ន្ធជារួម នៅចុងកោះធំ Luzon នៃភាគខាងជើងប្រទេសហ្វីលីពីន ខណៈចំនួនមនុស្សស្លាប់គិតត្រឹមយប់ថ្ងៃអាទិត្យនេះ (ម៉ោងនៅទីក្រុងម៉ានីល) គឺមានរហូតដល់ ៤០នាក់ហើយ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន CNN នាយប់ថ្ងៃអាទិត្យ ទី១៦ ខែកញ្ញា ឆ្នាំ២០១៨។
ទីប្រឹក្សានយោបាយនៃប្រធានាធិបតីហ្វីលីពីន គឺលោក Francis Tolentino បានថ្លែងតាមកិច្ចសម្ភាសន៍វិទ្យុមួយថា ក្នុងចំណោមមនុស្សស្លាប់ទាំង ៤០នាក់នោះ គឺ ភាគច្រើនបំផុតនៅងតំបន់រដ្ឋបាល CAR និង មួយចំនួនទៀតនៅខេត្ត Nueva Vizcaya និងខេត្ត Ilocos នៃភាគខាងជើងប្រទេសហ្វីលីពីន។ ប្រជាជនហ្វីលីពីនយ៉ាងហោចណាស់ ២៥០,០០០នាក់ បានទទួលរងផលប៉ះពាល់ពីព្យុះមាំងឃុត។
បច្ចុប្បន្ននេះព្យុះ Mangkhut កំពុងសង្គ្រប់លើទីក្រុងហុងកុង បន្ទាប់ពីវាបានបង្កជាគ្រោះរអិលបាក់ដីនៅខេត្តក្វាងទុង ដោយសារតែខ្យល់បោកបក់ខ្លាំងរហូតដល់ល្បឿន ១៦២គីឡូម៉ែត្រក្នុងមួយម៉ោង លាយឡំនឹងភ្លៀងធ្លាក់យ៉ាងគំហុក ដែលបង្កជាការរអិលបាក់ដីផងដែរ។
គួរបញ្ជាក់ថា Mangkhut គឺជាព្យុះខ្លាំងក្លាទី ១៥ ហើយដែលបានបោកបក់មកលើប្រទេសហ្វីលីពីននៅក្នុងឆ្នាំ២០១៨នេះ ហើយវាបច្ចុប្បន្នកម្លាំងរបស់វាកំពុងតែវាយប្រហារបណ្តាទីក្រុង និងខេត្តជាប់ឆ្នេរសមុទ្រភាគនិរតី និងខាងកើតប្រទេសចិត្តដូចជា ខេត្តហាយណាំ ក្វាងទុង ទីក្រុងហុងកុង និងទីក្រុងម៉ាកាវជាដើម ដោយបណ្តាតំបន់នេះ បានចេញសេចក្តីប្រកាសអាសន្នកម្រិតកំពូលតែម្តង៕